រាជរដ្ឋាភិបាលជូនដំណឹងអំពីវិធានការគាំទ្រដល់ការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យផ្នែកបុរី
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី១៧ ខែមេសានេះ បានចេញសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការគាំទ្រដល់ការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យផ្នែកបុរី។
គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ បានបញ្ជាក់ថា ទោះបីសកម្មភាពសង្គម-សេដ្ឋកិច្ចកម្ពុជាបាននិងកំពុងបើកឡើងវិញជាបណ្តើរៗតាមគន្លងប្រក្រតីភាពថ្មីក៏ដោយ បច្ចុប្បន្នដូចបណ្តាប្រទេសនានា ការកើនឡើងនូវភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកល នៅតែជាក្តីកង្វល់ដ៏ធំចំពោះកំណើនសេដ្ឋកិច្ចជាតិ។ ជាពិសេសហានិភ័យនៃការងើបឡើងវិញយឺតជាងការព្យាកររបស់សេដ្ឋកិច្ចសកល, ការកើនឡើងនូវភាពតានតឹងនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន, ការរឹតបន្តឹងយូរជាងការរំពឹងទុកនៃគោលនយោបាយរូបិយវត្ថុក្នុងប្រទេសកំពុងអភិវឌ្ឍន៍, ការបន្តរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល និង ការកើនឡើងនូវភាពតានតឹង នៃវិស័យហិរញ្ញវត្ថុសកលជាដើម។
ក្នុងន័យនេះ ដើម្បីរក្សាស្ថិរភាពនៃវិស័យសំណង់ និងអចលនទ្រព្យ ដែលត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយ ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជារួម, ជាពិសេស បន្តរក្សានិរន្តរភាពការងារជូនបងប្អូនកម្មករ ព្រមទាំងលើកកម្ពស់លទ្ធភាពដល់ប្រជាពលរដ្ឋដែលមានចំណូលទាប និងមធ្យម អាចមានលទ្ធភាពទិញលំនៅឋានតម្លៃសមរម្យបាន, រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវវិធានការបន្ថែមជាកញ្ចប់ដូចខាងក្រោម៖ ទី១. បន្តពន្យារពេលការអនុវត្តការបង់ពន្ធជាកញ្ចប់តាមដំណាក់កាលរហូតដល់ដំណាច់ឆ្នាំ ២០២៤ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលបាននិងកំពុងប្រតិបត្តិការគម្រោងអភិវឌ្ឍន៍លំនៅឋាន ដែលមានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុផ្តល់ដោយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។
ដោយឡែក ក្រុមហ៊ុនដែលបាននិងកំពុងប្រតិបត្តិការគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលគ្មានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ ត្រូវរួសរាន់ចុះបញ្ជីគម្រោងរបស់ខ្លួន ដើម្បីទទួលបានអាជ្ញាបណ្ណអាជីវកម្ម ២០២៣ ដើម្បីទទួលបានការបន្តការបង់ពន្ធជាកញ្ចប់រហូតដល់ដំណាច់ឆ្នាំ ២០២៤។ ទី២. បង្កើនរយៈពេលនៃការបង់ពន្ធជាកញ្ចប់តាមដំណាក់កាលពី ១២ខែ ដល់ ១៨ខែ សម្រាប់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលបង់ពន្ធតិចជាង ១លានដុល្លារ និងពី ២៤ខែ ដល់ ៣៦ខែ សម្រាប់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរីដែលបង់ពន្ធលើសពី ១លានដុល្លារ។ ទី៣. ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរីថ្មី ឬ ក្រុមហ៊ុនដែលមានគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរីដែលមិនទាន់អភិវឌ្ឍ ត្រូវបង់ពន្ធស្របតាមនីតិវិធីជាធរមាន (របបពិត) និងត្រូវកាន់បញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវ។
ទី៤. បន្តពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធន សម្រាប់តែវិស័យអចលនទ្រព្យ រហូតដល់ដំណាច់ឆ្នាំ ២០២៤។ ទី៥. បន្តការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទដែលមានលក្ខណៈជាបុរីដែលមានតម្លៃក្រោម ឬ ស្មើ ៧ម៉ឺនដុល្លាររហូតដល់ដំណាច់ឆ្នាំ ២០២៤។ ទី៦. លើកទឹកចិត្ត និងស្នើឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ធ្វើការរៀបចំឥណទានឡើងវិញ តាមលទ្ធភាពជាក់ស្តែងរបស់គ្រឹះស្ថាន ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងការព្រមព្រៀងរវាងគ្រឹះស្ថាន និងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរី ដោយអនុលោមតាមប្រកាសលេខ ធ៧.០១៧.៣៤៤ ប្រក ចុះថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០១៧ ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ីមភែរមិន។
ទី៧. លើកលែងការផាកពិន័យផ្សេងៗចំពោះគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ប៉ុន្តែក្រុមហ៊ុនអភិវឌ្ឍន៍ចាំបាច់ត្រូវបំពេញកាតព្វកិច្ច ស្របតាមប្រកាសលេខ ០៨៩ សហវ ប្រក.ស្តីពី “ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ”។ ទី៨. ពន្យារពេលអនុវត្តរហូតដល់ដំណាច់ឆ្នាំ ២០២៣ លើសេចក្តីប្រកាសលេខ ៥៦៣ សហវ. ប្រក ចុះថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០២០ ស្តីពី “កាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ” ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) នឹងរៀបចំយន្តការការងារ ដើម្បីតាមដានពិនិត្យ និងវាយតម្លៃជាប្រចាំលើស្ថានភាពនៃវិស័យសំណង់ និងអចលនទ្រព្យ សំដៅស្នើឡើងនូវវិធានការគោលនយោបាយជាក់លាក់បន្ថែមទៀត ក្រៅពីវិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញរួច៕


អត្ថបទ៖ ឈឹម ទីណា