ឯកឧត្តម គង់ សោភ័ណ្ឌ កោតសរសើរ ចំពោះកងកម្លាំងកងរាជអាវុធហត្ថខេត្ត ដែលបានអនុវត្តការងារតាមតួនាទី ភារកិច្ចរបស់ខ្លួន បានយ៉ាងល្អប្រសើរ
កណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងការកោតសរសើរចំពោះកងកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល ដែលបានអនុវត្តការងារ តាមតួនាតីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ ។ ការថ្លែងបែបនេះ របស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ដើម្បីចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ។

ឯកឧត្ដម អភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ ជាពិសេសចំពោះកងកម្លាំងកងរាជអាវុធហត្ថខេត្ត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់អនុវត្តការងារតាមតួនាទី ភារកិច្ចរបស់ខ្លួន ព្រមទាំងបានការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ ឥស្សរជនជាន់ខ្ពស់ និងប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។

ឯកឧត្តមក៏បានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវតែខិតខំចូលរួមបង្ការ បង្ក្រាប រាល់បទល្មើសខុសច្បាប់ក្នុងភូមិសាស្ត្រខេត្តឲ្យល្អប្រសើរ និងបានផ្តាំផ្ញើរទៅដល់យោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ត្រូវខិតខំប្រឹងប្រែងអនុវត្តរាល់តួនាទី ភារកិច្ច របស់ខ្លួន និងខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានល្អប្រសើរ ។

ឯកឧត្ដម អភិបាលនៃគណៈអភិបាល ក៏បានជូនថវិកាដល់យោធិន ទើបជ្រើសរើសថ្មី និងអាណាព្យាបាល យោធិន ក្នុងម្នាក់ៗ ១០០.០០០រៀល និងសម្ភារៈមួយចំនួន ព្រមទាំងបានឧបត្ថម្ភដល់កងកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល ក្នុងម្នាក់ៗទទួលបាន ១០០.០០០ រៀល ។ លោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានជូនដល់យោធិនទើបជ្រើសរើសថ្មី មួយចំនួនផងដែរ ៕



ដោយ ង៉ាន់ ទិត្យ