មេបញ្ជាការសឹករងកំពង់ធំ កោតសរសើរកងកម្លាំង ដែលធានាបានសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ជូនពលរដ្ឋ ចូលរួមសប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំថ្មី យ៉ាងល្អប្រសើរ

កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងកោតសរសើរចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានទទួលខុសត្រូវខ្ពស់តាមភារកិច្ច សហការជាមួយបណ្ដាកងកម្លាំងទាំងបី និងអាជ្ញាធរដែនដី ធានាបានសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ចូលរួមសប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំថ្មីនៅតាមមូលដ្ឋាននានាបានយ៉ាងល្អប្រសើរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ថ្លែងដូចនេះ នៅថ្ងៃទី១៧មេសា ក្នុងកិច្ចជុំបូកសរុបវាយតម្លៃលទ្ធផលការងារ ការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈពេលបីថ្ងៃនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។

លោកវរសេនីយ៍ទោ អ៊ូ ឆេងកន នាយសេនាធិការរង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរាយការណ៍បូកសរុបលទ្ធផលក្នុងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ក្នុងការការពារសន្តិសុខសុវត្ថិភាពនៅតាមទីវត្តអារាម និងនៅតាមទីរមណីយដ្ឋាននានា នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ប្រកបដោយសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អ ព្រមជាមួយនោះផងដែរ កងកម្លាំងរបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចំនួន ១០០នាក់ ក៏បានចូលរួមជាមួយថ្នាក់ដឹកនាំខេត្តនិងប្រជាពលរដ្ឋ ក្នុងការលេងល្បែងរបាំប្រជាប្រិយ និងរាំម៉ាឌីហ្សុនជាក្រុម ក្នុងព្រឹត្តិការណ៍សង្ក្រាន្តខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានកោតសរសើរចំពោះកងកម្លាំងទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំចំនួន១០០នាក់ ដែលបានចូលរួមរាំម៉ាឌីហ្សុនជាក្រុម ក្នុងព្រឹត្តិការណ៍សង្ក្រាន្តខេត្តកំពង់ធំ ឆ្នាំ២០២៣ ទទួលបានជោគជ័យ ។

ជាមួយគ្នានេះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រគល់ថវិកា ៤លានរៀល ជាអំណោយរបស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ជូនដល់ក្រុមរាំម៉ាឌីហ្សុនទាំង ១០០នាក់ ផងដែរ ៕

ដោយ ប៊ុន រដ្ឋា

ads banner