គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ សំណូមពរដល់ប្រជាពលរដ្ឋ រួមគ្នាអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីភាពសុខដុមរមនានៅក្នុងមូលដ្ឋាន
កំពង់ធំ៖ ក្នុងផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បំពាក់ឯកសណ្ឋាន ជូនប្រជាការពារ នៅភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ រួមគ្នាអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីភាពសុខដុមរមនានៅក្នុងមូលដ្ឋាន ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបន្តថា គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាល គឺដើម្បីធ្វើឲ្យភូមិ ឃុំ សង្កាត់របស់យើងមានសុខសន្តិភាព គ្មានអំពើលួចឆក់ប្លន់ គ្មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ គ្មានការលេងល្បែងស៊ីសងខុសច្បាប់ គ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានក្មេងទំនើង គ្មានការប្រើអំពើហិង្សាក្នុងគ្រួសារ និងការសម្របសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីភាគីទាំងសងខាងឈ្នះទាំងអស់គ្នា គ្មានអ្នកឈ្នះនិងគ្មានអ្នកចាញ់។

នៅក្នុងពិធីនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបំពាក់ឯកសណ្ឋានជូនប្រជាការពារចំនួន១២នាក់ និងឧបត្ថម្ភអំណោយគ្រឿងឧបភោគបរិភោគរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុនី ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៦គ្រួសារផងដែរ ៕



ដោយ ប៊ុន រដ្ឋា