កូនផ្សោត ១ក្បាលទៀត និងជាកូនផ្សោតទី២ នៅឆ្នាំនេះ ទើបនឹងកើតនៅអន្លង់កាំពី ក្នុងខេត្តក្រចេះ

ភ្នំពេញ៖ បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ថា នាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ អ្នកបើកទូកទេសចរ ប្រចាំតំបន់អន្លង់កាំពី បានប្រទះឃើញកូនផ្សោតកើតថ្មី ១ក្បាល កំពុងហែលទឹកលេង ជាមួយហ្វូងផ្សោតពេញវ័យ ជាច្រើនទៀត នៅអន្លង់កាំពី ភូមិកាំពី ឃុំ ស្រុកចិត្របុរី ខេត្តក្រចេះ ។

ក្រោយពីអ្នកបើកទូកទេសចរ បានឃើញហើយ ក៏រាយការណ៍មកប្រធានឆ្មាំទន្លេ និងមន្ត្រីជលផលខេត្តក្រចេះ និងបុគ្គលិកអង្គការ WWF ដើម្បីជាព័ត៌មាន កត់ត្រានិងតាមដានបន្តទៀត ។

នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ក្រុមស្រាវជ្រាវ នៃខណ្ឌជលផលខេត្តក្រចេះ និងអង្គការ WWF បានចុះតាមដាន កូនផ្សោតទើបកើតថ្មី ដោយតាមការប៉ាន់ប្រមាណកូនផ្សោតនេះ ទើបតែមានអាយុប្រមាណ៣ថ្ងៃ ។ នេះជាកូនផ្សោតទី២ ដែលបានកត់ត្រា នៅឆ្នាំ២០២៣ ។

សូមជម្រាបថា នៅឆ្នាំ២០២២ ក្រុមស្រាវជ្រាវ នៃខណ្ឌជលផលខេត្តក្រចេះ និងអង្គការ WWF ក៏បានកត់ត្រា កូនផ្សោតបានចំនួន៦ក្បាល និងនៅឆ្នាំ២០២១ បានកត់ត្រា កូនផ្សោតបានចំនួន ៦ក្បាល ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner