ក្រុមវិទ្យាល័យជាស៊ីមសាមគ្គី ឡើងទៅឈរចំណាតថ្នាក់លេខ៣ ខណៈភ្នំពេញថ្មី ឡើងទៅលេខ៦ ក្នុងតារាងបណ្តោះអាសន្ន ក្នុងសប្តាហ៍ទី១០ នៃពាន់រង្វាន់ជើងឯកសិស្សវិទ្យាល័យ លើកទី១
ការប្រកួតបាល់ទាត ជ្រើសរើសជើងឯកសិស្សវិទ្យាល័យ លើកទី១ឆ្នាំ២០១៩ បានឈានចូលដល់សប្តាហ៍ទី១០ ក្រុមបាល់ទាតវិទ្យាល័យ ជាស៊ីមសាមគ្គី បានយកឈ្នះ សាលារៀន វេស្ទឡាញន៍ ដោយលទ្ធផល ១ទល់នឹង០ ឡើងទៅឈរលេខ៣ ក្នុងតារាងបណ្តោះអាសន្ន នៅទីលានច្បារអំពៅ ។ ខណៈ វិទ្យាល័យភ្នំពេញថ្មី បានយកឈ្នះម្ចាស់ផ្ទះបឹងត្របែក ក្នុងលទ្ធផល ៥ទល់និង២។
ជ័យជំនះនេះបានធ្វើឲ្យ៩ប្រកួត របស់ក្រុមវិទ្យាល័យស៊ីមសាមគ្គី ឡើងទៅឈរចំណាត់ថ្នាក់លេខ៣ ក្នុងតារាងបណ្តោះអាសន្ន មាន១៦ពិន្ទុ ចំណែកវិទ្យាល័យភ្នំពេញថ្មី ឡើងទៅលេខ៦ ដោយឆ្លងកាត់៩ប្រកួត ចំពោះក្រុមវិទ្យាល័យឥន្ទ្រទេវី នៅតែបន្តឈរកំពូលតារាងបណ្តោះអាសន្ន មាន២៥ពិន្ទុ ឈ្នះ៨ ស្មើរ១ លេខ២ វិទ្យាល័យឬស្សីកែវ មាន២៤ពិន្ទុ រីឯវិទ្យាល័យ ព្រះស៊ីសុវត្ថិ ធ្លាក់ទៅលេខ៤ មាន១៥ពិន្ទុ ឆ្លងកាត់៨ប្រកួត ឈ្នះ៥ ចាញ់៣ ចំណែកវិទ្យាល័យហ៊ុនសែនចាក់អង្រែ ៩ប្រកួតចាញ់ទាំង៩ គ្មានពិន្ទុ។
គួររំលឹកថា ពានបាល់ទាត់វិទ្យាល័យ លើកទី១ បង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សហព័ន្ធ យុវជន កម្ពុជារាជធានីភ្នំពេញ និងសមាគមក្លិបបាល់ទាត់បឹងកេត ក្នុងគោលបំណងរួមចំណែកលើក កម្ពស់ វិស័យកីឡាបាល់ទាត់ នៅព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែមានសកម្មភាពរស់រវើក និងរីកចម្រើនកាន់តែប្រសើរខ្លាំងក្លាបន្ថែមទៀត សំដៅបណ្ដុះស្មារតីស្រឡាញ់កីឡាសុខភាពជៀសឆ្ងាយ ពីគ្រឿងញៀន សម្រិតសម្រាំងធនធានកីឡាករបន្តវេន ព្រមទាំងរឹតចំណងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក្នុងចំណោមសិស្សានុសិស្សតាមវិទ្យាល័យនានា ទាំងគ្រឹះស្ថានអប់រំ ចំណេះទូទៅរដ្ឋ និងឯកជន ។
សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩ ទទួល បានការឧបត្ថម្ភធំពីក្រុមហ៊ុន Cambodia Airways និងក្រុមហ៊ុនភេសជ្ជៈ POCARI SWEAT និងមានសហការផ្សាយផ្ទាល់ពីអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ ៕ធ.ដ




