ប្រាក់ចំណូលសុទ្ធ របស់ក្រុមហ៊ុន Tesla ធ្លាក់ចុះ ២៤ភាគរយ ក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៣
វ៉ាស៊ីនតោន៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិក Tesla បានប្រកាសថា ប្រាក់ចំណូលរបស់ខ្លួនបានកើនឡើងក្នុងអំឡុងខែមករា ដល់ខែមីនា ឆ្នាំ២០២៣នេះ ប៉ុន្តែប្រាក់ចំណូលសុទ្ធរបស់ខ្លួន បែរជាបានធ្លាក់ចុះ ២៤ភាគរយ ដែលភាគច្រើនដោយសារតែការកើនឡើងតម្លៃវត្ថុធាតុដើម។
នៅក្នុងថ្ងៃពុធសប្តាហ៍នេះ ក្រុមហ៊ុន Tesla បានចេញផ្សាយរបាយការណ៍ស្តីពីលទ្ធផលហិរញ្ញវត្ថុ និងអាជីវកម្មរបស់ខ្លួនសម្រាប់ត្រីមាសទីមួយ ដោយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះ បានចែកចាយរថយន្តប្រមាណ ៤២២.៨៧៥គ្រឿងនៅទូទាំងពិភពលោក ក្នុងរយៈពេល ៣ខែឆ្នាំនេះ។
តួលេខចែកចាយរថយន្តនេះ កើនឡើង ១.៣ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមគ្នា ការលក់ប្រចាំត្រីមាសរបស់ក្រុមហ៊ុន Tesla ក៏បានឈានដល់ទឹកប្រាក់ជិត ២៣.៣៣ពាន់លានដុល្លារផងដែរ កើនឡើង ១.២ដង បើធៀបនឹងតួលេខនៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២២។
គួសបញ្ជាក់ថា ក្រុមហ៊ុន Tesla បានប្រកាសពីប្រាក់ចំណូលសុទ្ធចំនួន ២.៥ពាន់លានដុល្លារ ធ្លាក់ចុះ ២៤ភាគរយ បើធៀបនឹងឆ្នាំមុន។ ជាមួយគ្នានេះ ក្រុមហ៊ុន Tesla បានកត់សម្គាល់ពីការកើនឡើងតម្លៃវត្ថុធាតុដើម និងថ្លៃដឹកជញ្ជូនខ្ពស់ ដែលជាហេតុផលចម្បង សម្រាប់ការធ្លាក់ចុះប្រាក់ចំណូល ក្នុងចំណោមកត្តារួមផ្សំផ្សេងទៀត៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

