សម្តេចតេជោ ហ៊ុន សែន ៖ ក្នុងឱកាសបុណ្យឆ្នាំថ្មីនេះ រថយន្តក្រុង ដែលរៀបចំដោយរាជរដ្ឋាបាល បានដឹកពលរដ្ឋទៅតាមបណ្តាខេត្តនានា រហូតដល់ប្រមាណ ៥ម៉ឺននាក់
ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសម្ភព នៃមន្ទីរពេទ្យកុមារជាតិ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្នុងឱកាសបុណ្យឆ្នាំថ្មីនេះ រថយន្តក្រុង ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នពេញ បានដឹកពលរដ្ឋទៅតាមបណ្តាខេត្តនានា រហូតដល់ប្រមាណ ៥ម៉ឺននាក់ ។
ជាមួយគ្នានេះដែរ សម្តេច ក៏បានផ្តាំទៅប្រជាពលរដ្ឋដែលរៀបការ ដោយសារបានស្គាល់គ្នាតាមរយៈការជិះរថយន្តក្រុងដែលរៀបចំដោយរាជរដ្ឋាភិបាលទៅលេងចូលឆ្នាំ សូមធ្វើសំបុត្រអញ្ជើញសម្តេចផង សម្តេចចងដៃ ។
សម្តេចតេជោ បានបន្តថា ប្រជាជនជាង១៣លាននាក់ ដើរលេងចូលឆ្នាំ តើនេះបានបញ្ជាក់ពីអ្វី? សម្តេចរំលឹកថា កាលពី ៤៨ឆ្នាំមុន ប៉ុល ពតបានជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ ក៏ប៉ុន្តែ ៤៨ឆ្នាំក្រោយប្រជាពលរដ្ឋសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដោយសារតែកត្តាសុខសន្តិភាព។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់មន្ត្រីគ្រប់ស្ថាប័នទាំងអស់ អាជ្ញាធររាជធានី-ខេត្ត សមត្ថកិច្ចដែលបានជួយសម្រួល និងរៀបចំពិធីបុណ្យចូលឆ្នាំថ្មីបានយ៉ាងល្អប្រសើរដែលបានរៀបចំសន្តិសុខសាធារណៈជូនប្រជាពលរដ្ឋ។ សម្តេចក៏បានថ្លែងអំណរគុណដល់គ្រូពេទ្យ ដែលបានប្រចាំការបំរើសេវាសុខភាពជូនពលរដ្ឋ មិនបានជួបជុំគ្រួសារផងដែរ ៕ អត្ថបទ៖ ស៊ូ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ



