ក្លិបអ្នកកាសែតកម្ពុជា ប្រកាសរៀបចំវេទិកាពិភាក្សា ដើម្បីផ្សព្វផ្សាយក្រមសីលធម៌ នៃវិជ្ជាជីវៈសារព័ត៌មាន នាថ្ងៃស្អែកនេះ

ភ្នំពេញ៖ ក្នុងបរិបទនៃការអបអរទិវាសេរីភាពសារព័ត៌មានពិភពលោក៣ឧសភា ឆ្នាំនេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នឹងរៀបចំការជួបជុំសមាជិកជាង៥០០នាក់ជាថ្មីម្ដងទៀត នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ដើម្បីផ្សព្វផ្សាយក្រមសីលធម៌ នៃវិជ្ជាជីវៈសារព័ត៌មាន ។

យោងតាមសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា ការជួបជុំនេះ នឹងប្រព្រឹត្តិទៅនៅវិទ្យាស្ថានជាតិអប់រំ ដោយត្រូវបានចែកចេញជាបីវគ្គ៖

វគ្គទី១៖ ចាប់ផ្ដើមពីម៉ោង២រសៀល ដល់ម៉ោង៥ល្ងាច គឺជាវគ្គពិភាក្សា សួរដេញដោល និងចែករំលែកពិសោធន៍ព្រមទាំងចំណេះដឹង ស្ដីពីការអនុវត្តវិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មាន។ នៅក្នុងវគ្គនេះ លោក ពុយ គា ដែលជាប្រធានក្លិបអ្នកកាសែតកម្ពុជា នឹងធ្វើបទបង្ហាញអត្ថបទក្រមសីលធម៌របស់ក្លិបអ្នកកាសែតដល់សមាជិកទាំងអស់។ ក្នុងពេលនោះដែរ ក៏មានវត្តមានអ្នកកាសែតជើងចាស់ ដែលពិសោធន៍យូរឆ្នាំរបស់កម្ពុជា និងបរទេស (អូស្រាលី បារាំង អាល្លឺម៉ង់ ថៃ និងអេស្បាញ) ១០រូប រង់ចាំឆ្លើយសំណួរ និងចែករំលែកពិសោធន៍របស់ពួកគេផងដែរ។

វគ្គទី២៖ ចាប់ពីម៉ោង៥ ដល់ម៉ោង ៦ល្ងាច គឺជាវេទិកាសំណេះសំណាលរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាមួយសមាជិកក្លិបអ្នកកាសែតកម្ពុជា។

វគ្គទី៣៖ ជាពិធីបរិភោគអាហារសាមគ្គី ដែលភ្ជាប់មកជាមួយនឹងការចាប់រង្វាន់ជាច្រើន ដែលគាំទ្រដោយវិស័យឯកជន និងសប្បុរសជនដែលគាំទ្រ និងលើកស្ទួយវិស័យសារព័ត៌មានកម្ពុជា។

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានលើកឡើងថា៖ នេះជាវេទិកាដ៏ធំមួយក្នុងប្រវត្តិនៃវិស័យសារព័ត៌មានដែលបើកឱ្យមានការពិភាក្សាវែកញែកអំពីក្រមសីលធម៌នៃវិជ្ជាជីវៈសារព័ត៌មានដែលជាប្រធានបទដ៏ក្តៅនៅក្នុងយុគសម័យឌីជីថល។

លោកមានជំនឿថា វេទិកានេះ នឹងជួយពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន ឱ្យកាន់តែប្រសើរ ជាពិសេស ក្រមសីលធម៌ និងវិជ្ជាជីវៈនេះតែម្តង ដែលជាខែលការពារអ្នកព័ត៌មាន ពីការរិះគន់ និងប្តឹងផ្តល់ ។ ហេតុដូច្នេះហើយ ការជួបជុំអ្នកសារព័ត៌មាននៅក្នុងក្របខណ្ឌក្លិបអ្នកកាសែតកម្ពុជា គឺទទួលបានការគាំទ្រជាស្មារតី និងសម្ភារៈផង ពីវិស័យឯកជន ក្នុងស្រុក និងបរទេស ដែលធ្លាប់ជាដៃគូរបស់ក្លិបអ្នកកាសែតកម្ពុជា ៕ ដោយ ស៊ូ ប៊ុនធី និង ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner