សម្តេចតេជោ ហ៊ុន សែន ៖ ក្នុងខែមីនា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានទទួលចំណូលពន្ធ ទាំងពន្ធគយ និងពន្ធដារ បានជាង ១.០០០លានដុល្លារអាមេរិក
ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសម្ភព នៃមន្ទីរពេទ្យកុមារជាតិ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ក្នុងខែមីនា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានទទួលចំណូលពន្ធ ទាំងពន្ធគយ និងពន្ធដារ សរុបជាង ១ពាន់លានដុល្លារអាមេរិក ចំនួននេះបានកើនឡើងពី៩០០លានដុល្លារ ដែលសម្រេចបានក្នុងខែមីនា ឆ្នាំមុន ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ ក្នុងខែមីនា យើងទទួលបានចំណូលពន្ធ ប្រមាណ ១០០០លានដុល្លារ ដោយសារខែមីនា ជាខែដែលមានចំណូលពន្ធកើនឡើង ដោយឆ្នាំមុន យើងបានប្រហែលជាង៩០០លានដុល្លារ។

សម្ដេចបន្តថា កម្ពុជា មានស្ថាប័នចំនួនពីរ ដែលទទួលខុសត្រូវក្នុងការប្រមូលពន្ធ គឺអគ្គនាយកដ្ឋានពន្ធដារ ដែលផ្តោតលើពន្ធផ្ទៃក្នុងដូចជា៖ ពន្ធលើប្រាក់ចំណូល, ពន្ធលើប្រាក់បៀវត្សរ៍, ពន្ធលើតម្លៃបន្ថែម និងពន្ធអចលនទ្រព្យ ហើយមួយទៀត គឺអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដែលប្រមូលពន្ធ លើទំនិញចូល និងចេញ ពីប្រទេស ។

សូមជម្រាបថា បើយោងតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជរដ្ឋាភិបាល ប្រមូលចំណូលពន្ធ បានចំនួន ១៩០៧លានដុល្លារក្នុងត្រីមាស១ ឆ្នាំ២០២៣ កើនឡើង ២,៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ៕

អត្ថបទ៖ ស៊ូ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ