សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ព្រះពុទ្ធសាសនាបានចូលរួមចំណែកដល់កិច្ចអភិវឌ្ឍន៍សង្គមជាតិ
ខេត្តកំពង់ស្ពឺ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធិផលនៅក្នុងវត្តស្វាយទាប ស្ថិតនៅ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ។

សម្តេចកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ថា «ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដឹកនាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមម្លប់នៃសុខសន្ដិភាព ដែលបានផ្តល់ឱកាសឲ្យបងប្អូនទាំងអស់គ្នា អាចប្រារព្ធពិធីព្រះពុទ្ធសាសនា តាមទំនៀមទម្លាប់បែបប្រពៃណីសាសនារបស់ជាតិ និងធ្វើឲ្យមានសុខុដុមនីយកម្មសាសនា បានចូលរួមចំណែកដល់កិច្ចអភិវឌ្ឍន៍ជាតិ តាមរយៈ ការផ្សារភ្ជាប់រវាងអាណចក្រ និងពុទ្ធចក្រ ។

សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរព្រះគុណចំពោះ ព្រះធម្មជោត្តោ ម៉ៅ ង៉ែត ព្រះចៅអធិការវត្តស្វាយទាប អតីតគណៈកម្មការ និងព្រះចៅអធិការវត្តគ្រប់ជំនាន់ ព្រមទាំងសប្បុរសជនជាច្រើនទៀត រួមជាមួយ នឹងថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ និងអង្គភាពជុំវិញខេត្តកំពង់ស្ពឺ ដែលបានរួមសាមគ្គីគ្នាដោយបានចលនាគៀងគរថវិកាមកកសាង ព្រះវិហារ បង្កាន់ដៃជុំវិញសាលាធម្មសភា សាលាទទួលភ្ញៀវ កុដិ ខ្លោងទ្វារ ជីកស្រះទឹក និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធិផលនានា ដែលបានសម្រេចបានជាស្ថាពរ ដែលបានរៀបចំពិធីបុណ្យឆ្លងនិងវេរប្រគេនព្រះសង្ឃតាមប្រពៃណីព្រះពុទ្ធសាសនា ក្នុងថ្ងៃនេះ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ ទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងចូលរួមថែរក្សា នូវសមិទ្ធិផល ដែលយើងបានសម្ពោធក្នុងថ្ងៃនេះឲ្យ បានគង់វង្ស ឋិតស្ថេរ ដើម្បីទុកជាទីសក្ការៈ និងជាទីកន្លែងគោរពប្រត្តិបត្តិ ផ្នែកសាសនា ជាពិសេស អនុវត្តវិធានការ ៣ការពារ ៣កុំ ឲ្យបានទាំងអស់គ្នា ៕





ដោយ ៖ ថេត វិចិត្រ