សម្តេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍ឱ្យអភិបាលតំបន់ស្វយ័តជនជាតិជាំង ខេត្តក្វាងស៊ី បន្តកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ឱ្យកាន់តែស៊ីជម្រៅ និងឱ្យបានគ្រប់ជ្រុងជ្រោយ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោក Lan Tianli អភិបាលតំបន់ស្វយ័តជនជាតិជាំង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។

ឯកឧត្តម ធានលី បានគោរពជូនពរសម្ដេចតេជោ សូមឱ្យទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា និងប្រសិទ្ធិពរជ័យបវរមហាប្រសើរជូនសម្ដេចតេជោ និងសូមឱ្យសម្ដេចតេជោ មានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ជន្មាយុឺនយូរ វិបុលសុខនិងសេរីជ័យមង្គល និងសូមគោរពវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍របស់កម្ពុជា។

ឯកឧត្តមធានលី បានមានប្រសាសន៍ថា ឯកឧត្តមបានមកកម្ពុជា កាលពីឆ្នាំ២០១៦ ដែលពេលនេះ កម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង មានអាគារខ្ពស់ៗ និងប្រជាជនមានជីវភាពធូរធារ និងរីករាយ , ឯកឧត្តមធានលី សូមគោរពអបអរសាទរ ។

ឯកឧត្តម ធានលី ក៏បានគោរពជម្រាបជូន សម្ដេចតេជោថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ គឺមានបំណង៣, ទី១ គឺ គោរពថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោដោយផ្ទាល់ ដែលដរាបរៀងមក បានគាំទ្រតំបន់ ស្វយ័តក្វាងស៊ី ជាពិសេសគាំទ្រការរៀបចំពិព័រណ៍ចិន អាស៊ាន នៅទីក្រុងណានីង។ ទី២ ជំរុញការអនុវត្តកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំកំពូលរបស់ចិននិងកម្ពុជា ជាពិសេស ការកសាងសហគមន៍ជោគវាសនារួមចិន កម្ពុជា និងទី៣ គោរពសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ពីសម្ដេចតេជោ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឲ្យ កាន់តែរឹងមាំថែមទៀត។

ជាការឆ្លើយតប សម្រេចតេជោ ហ៊ុន សែន បានឯកភាព និងថ្លែងអំណរគុណ ចំពោះការ វាយតម្លៃលើទំនាក់ទំនងរវាង ប្រទេសទាំងពីរកម្ពុជាចិន ។

សម្ដេចតេជោ បានផ្ដល់អនុសាសន៍ឲ្យឯកឧត្តមធានលី បន្តកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ឱ្យកាន់តែស៊ីជម្រៅនិងអនុវត្តកិច្ចព្រមព្រៀង ដែលមានស្រាប់ដែរនោះ ឲ្យបានគ្រប់ជ្រុងជ្រោយ ៕ អត្ថបទ៖ ស៊ូ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ