អនុប្រធាន គ.ជ.ប បញ្ជាក់ថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ នឹងចាប់ផ្ដើមពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ក្រោម ប្រធានបទស្តីពី៖
-ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ
-ការប្តឹងតវ៉ា និងការដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅថ្ងៃទី២១ខែមេសា ឆ្នាំ២០២៣នេះ។

ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.បបានបញ្ជាក់ថា យោងតាមប្រតិទិននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ នឹងចាប់ផ្ដើម ធ្វើចាប់ពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ដើម្បីជូនជ្រាប សម្រាប់ការអនុវត្តឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា នៅថ្ងៃនេះ ។


ឯកឧត្តម នុត សុខុម បន្ត ថាការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ អំពីបេក្ខជន និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត
គណបក្សនយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវតាមលក្ខខណ្ឌ ដូចមានចែងក្នុងច្បាប់ ស្តីពីគណបក្សនយោបាយមានសិទ្ធិដាក់បញ្ជីបេក្ខជនរបស់ខ្លួន ដើម្បីចូលរួមការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដោយត្រូវបំពេញបែបបទសេចក្តីប្រកាស បេក្ខភាពតាមគំរូដែលផ្ដល់ជូនដោយ គ.ជ.ប ។

ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះ បោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ (ទ.១០០៨) ត្រូវបានផ្ដល់ដោយឥតគិតថ្លៃជូនគណបក្សនយោបាយដែលមានបំណងឈរឈ្មោះបោះឆ្នោត។ បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត តាមមណ្ឌលបោះឆ្នោតរាជធានី ខេត្តនីមួយៗត្រូវ
-ចុះឈ្មោះតាមលំដាប់អាទិភាពពីខ្ពស់មកទាប តាមការកំណត់របស់គណបក្សនយោបាយ។ បេក្ខជនម្នាក់ៗត្រូវមានឈ្មោះក្នុងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់មណ្ឌលតែមួយគត់
-មានសេចក្តីបញ្ជាក់ពីការចុះឈ្មោះបោះឆ្នោតដោយអាជ្ញាធរឃុំ សង្កាត់ ដែលសាមី បេក្ខជននោះបានចុះឈ្មោះបោះឆ្នោត
-ភ្ជាប់សេចក្ដីប្រកាសរបស់បេក្ខជន យល់ព្រមទទួលការតែងតាំងជាបេក្ខជនតាម មណ្ឌលរាជធានី ខេត្តនីមួយៗរបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត។

បេក្ខជនដែលមានបំណងឈរឈ្មោះបោះឆ្នោត ត្រូវចុះឈ្មោះក្នុងបញ្ជីបេក្ខជនរបស់ គណបក្សនយោបាយតែមួយគត់ និងត្រូវបំពេញលក្ខខណ្ឌដោយត្រូវមានសញ្ជាតិខ្មែរពីកំណើត មានអាយុ២៥ឆ្នាំឡើងទៅគិតដល់ថ្ងៃបោះឆ្នោតមានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត
- មានលំនៅឋាន ឬទីសំណាក់ក្នុងព្រះរាជាណាចក្រកម្ពុជា
- មានការតែងតាំងពីគណបក្សនយោបាយ ដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសតាំងតាំងតំណាងរាស្ត្រ ៕ ដោយ-រ៉ាវុធ
