សម្តេចតេជោ ហ៊ុន សែន៖ កត្តាសុខសន្តិភាពបានផ្តល់នូវផ្លែផ្កាជាច្រើនសម្រាប់ភាពរីកចម្រើនរបស់ប្រទេសជាតិ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាក្នុងរយៈពេលកន្លងមកនេះ។ សម្តេច ក៏បានថ្លែងដោយក្តីមោទនភាព ចំពោះកត្តាសុខសន្តិភាពរបស់កម្ពុជា ដែលបានផ្តល់នូវផ្លែផ្កាជាច្រើនសម្រាប់ភាពរីកចម្រើនរបស់ប្រទេសជាតិយើង។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំសមាគម សហជីព កម្មករ និយោជិត តំណាងមន្ត្រីរាជការ គ្រូបង្រៀន និងតំណាងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ៣,៥០០នាក់ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី១៣៧ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «សន្តិភាព ស្ថិរភាព មុខរបរ និងការងារ»។

សម្តេចតេជោក៏បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩ ដែលធ្វើឲ្យយើងបានបើកដំណើរការប្រទេសជាតិឡើងវិញ និងបានដំណើរការសកម្មភាពប្រទេសជាតិជាប្រក្រតីឡើងវិញតាមគន្លងថ្មី។

សម្តេចតេជោបានបន្តថា ការស្វែងរកប្រភពវ៉ាក់សាំង មកចាក់ជូនបងប្អូនប្រជាពលរដ្ឋយើង គឺជាភាពជោគជ័យដ៏ធំធេង ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាមួយនឹងការចូល រួមសហការទប់ស្កាត់ពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ទើបយើងទទួលបាននូវភាពជោគជ័យក្នុងការងារនេះ។

សម្ដេចតេជោក៏មានប្រសាសន៍ពីភាពជោគជ័យនៃការដឹកនាំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប និងកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាយើងបានធ្វើជាម្ចាស់ផ្ទះកន្លងទៅថ្មីៗនេះ ដែលនោះជាមោទនភាពមួយសម្រាប់កម្ពុជា ដែលកិច្ចប្រជុំនោះ គឺមានការចូលរួមពីមេដឹកនាំបណ្ដាប្រទេសមហាអំណាចធំៗច្រើនមកចូលរួមប្រជុំនៅទីក្រុងភ្នំពេញ តែបានប្រព្រឹត្តទៅដោយរលូន មិនមានបញ្ហាអ្វីរាំងស្ទះឡើយ ៕ អត្ថបទ៖ ស៊ូ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner