ដោយសារតែបញ្ហាទឹកជំនន់ទើបធ្វើឲ្យគណៈកម្មការសម្រេច លុបចោលការប្រកួតជុំទី៤
ដោយសារតែបញ្ហាទឹកជំនន់ ទើបធ្វើឲ្យគណៈកម្មការសម្រេច លុបចោលការប្រកួតជុំទី៤ ពីខេត្តមេស៊ុត ប្រទេសថៃ ឆ្ពោះទៅខេត្ត ផាអាន ប្រទេសមីយ៉ាន់ម៉ា លើចម្ងាយផ្លូវ១៨៦គីឡូម៉ែត្រ នៃព្រឹត្តិការណ៍ Asia Cross Country Rally 2019។ ការលុបចោលការប្រកួតនៅជុំទី៤នេះ ត្រូវបានគណៈកម្មាការ អះអាងថា ទឹកជំនន់បានធ្វើឲ្យផ្លូវប្រណាំងមួយចំនួនធំដាច់ និងមានទឹកហូរច្រោះ។ ដូច្នេះអត្តពលិកប្រណាំងទាំងអស់គ្រាន់តែធ្វើដំណើរឆ្លងកាត់ព្រំដែន ពីប្រទេសថៃ ឆ្ពោះទៅខេត្ត ផាអាន ប្រទេសមីយ៉ានម៉ា ដើម្បីរង់ចាំធ្វើការប្រណាំងនៅជុំទី៥ជាបន្តទៀត។ 
ដោយឡែកកីឡាករ សោម សុកុសល បានបញ្ជាក់ថា ការលើកពេលប្រណាំងនេះ ជាបញ្ហារបស់ក្រុមលោកព្រោះថាពេលវេលាខ្លី ពិបាកក្នុងការតាមពិន្ទុក្រុមដែលកំពុងឈរពីលើ ប៉ុន្តែបើការប្រណាំងរយៈពេល៣ថ្ងៃ លោកនឹងព្យាយាមយកពិន្ទុឲ្យបាន។ 
សូមបញ្ជាក់ថា ព្រឹត្តការណ៍ Asia Cross Country Rally 2019 នៅសល់២ជុំទៀត គឺត្រូវធ្វើការប្រណាំងជុំ៥ ពីខេត្តផាអាន ឆ្ពោះទីក្រុង ណៃពិដោរ លើចម្ងាយផ្លូវជាង៥០០គីឡូម៉ែត្រ និងជុំទី៦ ដែលជាជុំបញ្ចប់ធ្វើប្រណាំងនៅទីក្រុងណៃពិដោរ លើចម្ងាយផ្លូវ១១៧,៩៤គីឡូម៉ែត្រ បន្ទាប់មកធ្វើពិធីបិទចែកពានតែម្តង៕ម.ន


