សកម្មភាពកំពង់់ផែស្វយ័តក្រុងព្រះសីហនុ មានកំណើនជាង ១០ភាគរយ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ

​ព្រះសីហនុ៖ ឯកឧត្តម លូ គឹមឈន់  ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុបានប្រាប់ឱ្យដឹងថា ក្នុងរយៈពេល ៥ ឆ្នាំ គឺចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ ២០២២ កា​រចេញចូលនៃទំនិញឆ្លងកា​ត់កំពង់ផែស្វយ័តក្រុងព្រះសីហនុមានកំណើនជាមធ្យមជាង១០ភាគរយ។

នៅក្នុងជំនួបជាមួយអ្នកសារព័ត៌មានដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជានៅថ្ងៃទី ២៥ខែមេសាឆ្នាំ២០២៣ ឯកឧត្តមអគ្គនាយកកំពង់ផែក្រុងព្រះ​សីហនុបានឱ្យដឹងថា ក្នុងឆ្នាំ២០១៨ ការចេញចូលទំនិញមានកំណើនដល់ទៅ២២ភាគរយ, ២០១៩ កើន២២ភាគរយ,២០២០និងបីឆ្នាំចុងក្រោយ​កើនក្នុងរង្វង់ជាង១០ភាគរយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការចេញចូលនៃទំនិញនៅកំពង់ផែព្រះសីហនុ មានកំណើនខ្ពស់។ដោយសារកំណើនខ្ពស់នេះហើយ ទើបធ្វើឱ្យមានស្ទះចរាចរណ៍ទំនិញនៅក្នុងកំពង់ផែ។

«ដោយសារមានការកកស្ទះទំនិញនេះហើយ ទើបយើងមានគម្រោងអភិវឌ្ឍន៍ និងពង្រីកចំណតកំពង់ផែ ប៉ុន្តែដោយសារតែបញ្ហាកូវីដ១៩ ទើបធ្វើឱ្យមានការយឺតយ៉ាវ។​បើយើងទៅលើចំនួ​​នទូកុងទីន័រវិញ ឆ្នាំ២០១៨ កើនជាង១៧ភាគរយ,២០១៩ជាង១៨ភាគរយ និង៣ឆ្នាំចុងក្រោយជាង១០ភាគរយដូចគ្នា»។ នេះជាការបញ្ជាក់បន្ថែម ពីឯកឧត្តម លូ គឹមឈន់។

ឯកឧត្តមបានបន្ថែមថា ដើម្បីជំរុញឱ្យការដឹកជញ្ជូនទំនិញឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុកាន់តែមានភាពមមាញឹក មានលក្ខណៈ​ងាយស្រួល និងចូលរួមធ្វើឱ្យសេដ្ឋកិច្ចជាតិកាន់តែមានការរីកចំរើនថែមទៀត កំពង់ផែតាមរយៈជំនួយពីប្រទេសជប៉ុន និងថវិការដ្ឋផ្ទាល់ផង បាននិងកំពង់បន្តសាង់សង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដូចជា ផែទឹកជ្រៅ ចំណតកុងតឺន័រ និងទីតាំងសំខាន់ៗមួយចំនួនទៀត ។

បើតាមឯកឧត្តម គឹមឈន់ បច្ចុប្បន្ន​នេះ មានក្រុមហ៊ុនចំនួន១២ និងកប៉ាល់ចំនួនចន្លោះពី១៦ទៅ១៨កប៉ាល់ ដែលតែងតែធ្វើការចេញចូលកំពង់ផែ ជាទៀងទាត់។

លោក ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានប្រាប់ឱ្យដឹងដែរថា ការ​ប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក កំពង់ផែព្រះសីហនុគ្របដណ្តប់ប្រមាណជិត៧០ភាគរយហើយ ។នេះអាចបញ្ជាក់បានថា កំពង់ផែនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជា​ ក្នុងការដោះដូរពាណិជ្ជកម្មជាមួយបណ្តាប្រទេសផ្សេងៗទាំង ក្នុងតំបន់ និងពិភពលោក។

លោកបានសង្កត់ធ្ងន់ថា ៖ «វាជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្នុងការវិនយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបន្ថែមរបស់កំពង់ផែក្រុងព្រះសីហនុ ដែលជាផែដ៏សំខាន់របស់ជាតិ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ យើងរំពឹង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផែជាបន្តបន្ទាប់ ដែលនឹងរួចរាល់ក្នុងរយៈពេល ប៉ុន្មានឆ្នាំខាងមុខនេះ នឹងធ្វើការឱ្យការដោះដូរពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសនានា កាន់តែសកម្ម​ជាងនេះទៀត»។

សូមជម្រាបថា កំពង់ផែស្វយ័តក្រុងព្រះសីហនុបាននិងកំពុងសាងសង់ចំណតកុងតឺន័រថ្មីដំណាក់កាលទី១ តម្លៃគម្រោង ២០៣ លានដុល្លារអាមេរិក ដែលមានប្រវែង ៣៥០ម៉ែត្រ និងជម្រៅ ១៤.៥ម៉ែត្រ ដែលត្រូវបានអនុញ្ញាត ៩៣ភាគរយ នៃនាវាកុងតឺន័រ ​ដែ​លមានសមត្ថភាពផ្ទុក ៤,០០០ TEUs (៦០,០០០DWT) ចូលកំពង់ផែក្រុងព្រះសីហនុ។ ចំណតនេះ អាចនឹងត្រូវដំណើរការនៅពាក់កណ្តាលនៃ២០២៦ដែលធ្វើឱ្យការដឹកជញ្ជូនតាមសមុទ្ររបស់កម្ពុជាអាចប្រៀបធៀបជាមួយប្រទេសជិតខាងបានដោយសមត្ថភាពរបស់វាអាចឱ្យកុងតឺន័រ ៤៥០,០០០ TEUs ក្នុងមួយឆ្នាំ៕

ដោយ៖វណ្ណ សុជាតា

ads banner