សម្តេចតេជោ ហ៊ុន សែន ជួបសាសនិកឥស្លាម ៣ពាន់ ៥៤០នាក់ (Video Inside)

សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលជាមួយសាសនិកឥស្លាមចំនួន ៣ពាន់ ៥៤០នាក់ ដែលជាសមាជិក នៃគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា។ ជំនួបដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ បានធ្វើឡើងនៅវិមាន៧មករា ដែលជាទីស្នាក់ការកណ្ដាល របស់គណបក្សប្រជាជនកម្ពុជា។

ប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា លោក អូស្មាន ហាសាន់ បានលើកឡើងជុំវិញប្រវត្តិ នៃការបង្កើតគណកម្មការគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា ក្នុងឆ្នាំ១៩៩៨ និងបញ្ជាក់ថា គណៈចលនាសាសនិកឥស្លាម តែងអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវអនុសាសន៍ដឹកនាំរបស់សម្តេច និងជាលទ្ធផលនៅគ្រប់អាណត្តិ នៃការបោះឆ្នោតទាំងអស់ រួមទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ គឺការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយពលរដ្ឋឥស្លាម គឺមានភាគរយខ្ពស់គួរឱ្យកត់សម្គាល់។

សម្តេចតេជោបានអរគុណដល់ពលរដ្ឋខ្មែរ-ឥស្លាម ដែលកន្លងមកបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា និងសម្តេចបានចាត់ទុកថា «ការបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជានេះ គឺជាការចូលរួមរក្សាបាននូវសេចក្តីសុខ និងសុខសន្តិភាព របស់ជាតិកម្ពុជាទាំងមូល»។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអបអរសាទរចំពោះការបញ្ចប់ដោយជោគជ័យ នៃខែរ៉ាម៉ាដន និងបានថ្លែងការកោតសរសើរចំពោះការចូលរួមរបស់ពលរដ្ឋខ្មែរ-ឥស្លាម ក្នុងការអភិវឌ្ឍ របស់ប្រទេសជាតិជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។

ads banner