លោក ស៊ី និយាយ ទូរសព្ទ ជាលើកដំបូង ជាមួយលោក ហ្សេឡេនស្គី
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជជែកតាមទូរសព្ទ ជាមួយ ប្រធានាធិបតី អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី នៅថ្ងៃពុធ ទី២៦មេសា ឆ្នាំ ២០២៣ ។ នេះ គឺជាការហៅទូរស័ព្ទ លើកដំបូង រវាង មេដឹកនាំទាំងពីរ ចាប់តាំងពី សង្គ្រាមឈ្លានពាន របស់រុស្ស៊ី ចាប់ផ្តើមមក ។
តាមរយៈសំណេរ នៅលើបណ្តាញសង្គមធ្វីតធ័រ លោក ហ្សេឡេនស្គី ជឿជាក់ថា កិច្ចសន្ទនា តាម ទូរស័ព្ទ ជាមួយលោក ស៊ី រួមជាមួយនឹង ការតែងតាំង ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំទីក្រុងប៉េកាំង នឹងផ្តល់ជា កម្លាំង រុញច្រានយ៉ាងខ្លាំងក្លា ដល់ការអភិវឌ្ឍ ទំនាក់ទំនងទ្វេភាគីរវាងចិន និងអ៊ុយក្រែន ។
ភាគីចិនវិញ បានបញ្ជាក់ពី កិច្ចសន្ទនាតាមទូរសព្ទនេះថា ជាការពិត និងបានបន្ថែមថា ទីក្រុងប៉េកាំង តែងតែ ឈរនៅខាងសន្តិភាពជានិច្ច ។ ក្នុង អំឡុងនៃ ការ ហៅ ទូរសព្ទ លោក ស៊ី ក៏បាន អំពាវនាវ ឱ្យ មាន ការ ចរចា រវាង រុស្ស៊ី និង អ៊ុយក្រែនផងដែរ ។
ជាមួយគ្នានេះ មេដឹកនាំចិន ក៏បានប្រាប់លោកប្រធានាធិបតីអ៊ុយក្រែនទៀតថា ចិននឹងបញ្ជូនគណៈប្រតិភូទៅអ៊ុយក្រែន ដើម្បីពិភាក្សាគ្នា លើការដោះស្រាយជម្លោះជាមួយរុស្ស៊ី ។
រហូត មក ដល់ ពេល នេះ ចិនបាន ព្យាយាម បង្ហាញគោល ជំហរ អព្យាក្រឹតរបស់ខ្លួន ចំពោះ សង្គ្រាម ឈ្លាន ពាន របស់ រុស្ស៊ី។ ប៉ុន្តែ ប៉េកាំងមិនបាន ថ្កោលទោសការឈ្លានពាននេះ ។កាល ពីខែមុន មេដឹកនាំចិនលោក ស៊ី ជីនពីង បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃទៅកាន់ប្រទេសរុស្ស៊ីទៀតផង ។
លោក ស៊ី បានហៅលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ថាជាមិត្តសម្លាញ់ និងបានស្នើផែនការសន្តិភាព ១២ ចំណុច។ជាមួយគ្នានេះ អះអាងថា ប្រទេសចិនឈរនៅ លើ ភាពត្រឹមត្រូវ របស់ ប្រវត្តិសាស្ត្រ ។ តែ យ៉ាង ណាក៏ដោយ លោក មិន បាន ប្តេជ្ញា ផ្តល់ អាវុធ ដល់ រុស្ស៊ី ឡើយ ។
ក្នុងពេលដែលលោកស៊ី បំពេញដំណើរទស្សនកិច្ចនៅរុស្ស៊ី លោក ហ្សេឡេនស្គី បានអញ្ជើញមេដឹកនាំចិន ឱ្យ ធ្វើ ទស្សនកិច្ចទៅកាន់ ទីក្រុងកៀវដែរ ដើម្បីជជែកពិភាក្សាគ្នា ។ មេដឹកនាំអ៊ុយក្រែន បានគូស បញ្ជាក់ ថា ភាគីទាំងពីរ ធ្លាប់បានទាក់ទងគ្នាតាំងពីមុនពេលសង្រ្គាមផ្ទុះឡើង ប៉ុន្តែនៅមិនទាន់មាន វត្តមាន របស់ លោក ស៊ី ក្នុងទីក្រុងកៀវ នៅឡើយទេ តាំងពីសង្គ្រាមចាប់ផ្តើម នាខែកុម្ភៈ ឆ្នាំ២០២២ ។
នៅក្នុងសេចក្តីសង្ខេប នៃការហៅទូរសព្ទកាលពីថ្ងៃពុធម្សិលមិញ ទូរទស្សន៍ CCTV របស់ចិនបានដកស្រង់សម្តីរបស់លោកប្រធានាធិបតី ស៊ី ដែលបាននិយាយថា ប្រទេសចិនរបស់លោកនឹងមិនឈរមើលភ្លើងពីជ្រុងម្ខាងទៀត ឬបន្ថែមប្រេងទៅក្នុងភ្លើងឡើយ ៕ ប្រែសម្រួល:គឹម លីលីយ៉ា
ប្រភពព័ត៌មាន៖
Ukraine’s Zelensky holds first war phone call with China’s Xi
https://www.bbc.com/news/world-europe-65396613
China’s Xi holds call with Zelenskyy; Beijing to send special envoy to Ukraine
https://www.channelnewsasia.com/asia/china-xi-jinping-calls-ukraine-president-zelenskyy-peace-plan-conflict-russia-3445676