កីឡាករជម្រើសជាតិវាយកូនបាល់កម្ពុជា រំពឹងថា នឹងទទួលបានមេដាយនៅក្នុងការប្រកួតស៊ីហ្គេមលើកទី៣២
ខេត្តសៀមរាប៖ កីឡាករ កីឡាការិនី ជម្រើសជាតិកម្ពុជា ផ្នែកវាយកូនបាល់ (Tennis) បានរំពឹងថា នឹងទទួលបានមេដាយពីការប្រកួតស៊ីហ្គេមលើកទី៣២ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ ពីព្រោះពួកគេបានត្រៀមខ្លួន និងហ្វឹកហាត់បានយ៉ាងល្អ។ ថ្លែងប្រាប់អ្នកព័ត៌មាន នៅលើទីលានហ្វឹកហាត់ក្នុងខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ កីឡាករ ប៊ុន កេននី បានឲ្យដឹងថា តាមការសង្កេតរបស់លោក ការហ្វឹកហាត់ និងការតាំងចិត្តរបស់ក្រុមជម្រើសជាតិកម្ពុជា មានភាពប្រហាក់ប្រហែលនឹងក្រុមកីឡាករផ្សេងៗ។ លោកថា មិនមានក្រុមណា មានសមត្ថភាព លើសពីក្រុមកម្ពុជាទេ។

ចំណែកកីឡាការិនី ឡៅ ពេជ្ររស្មី ក៏បានអះអាងដែរថា ការប្រកួតនេះពិតជាខំខាន់ណាស់ ហើយនាង និងក្រុមបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងក្នុងការស្វែងរកជ័យជំនះជូនជាតិ។

អគ្គលេខាធិការ លេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា លោក ទេព រិទ្ធីវិទ្ធ បានឲ្យដឹងថា មិនថាការប្រកួតលើកណានោះទេ លោកតែងតែប្រាប់ដល់កីឡាករ កីឡាការិនីទាំងអស់ ត្រូវតាំងស្មារតីឲ្យបានល្អ កុំបែកអារម្មណ៍ ត្រូវតាំងអារម្មណ៍១០០ភាគរយលើការប្រកួត និង២០០ភាគរយលើទង់ជាតិ លើប្រទេសជាតិយើង។

កម្មវិធីបោះជំរុំហ្វឹកហាត់ នៅខេត្តសៀមរាបខាងលើ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៨ ខែមេសានេះ ។ ក្រៅពីការហ្វឹកហាត់ មន្ដ្រីសហព័ន្ធ ក៏បាននាំកីឡាករ-កីឡាការិនីទាំងអស់ ចូលប្រោះព្រំសុំក្តីសុខ និងជោគជ័យ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលគ្រោងប្រារព្ធពិធីបើកនាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខផងដែរ។

បើតាមលោក រិទ្ធីវិទ្ធ ការសម្រេចជ្រើសរើសយកខេត្តសៀមរាប សម្រាប់ការបោះជំរុំហ្វឹកហាត់នេះ ដោយសារចង់ឲ្យកីឡាករបានស្គាល់ប្រវត្តិសាស្ត្ររបស់កម្ពុជាដែលមានដូនតាដ៏ខ្លាំងពូកែ និងម្យ៉ាងក៏ផ្តល់ឱកាសឲ្យកីឡាករកីឡាការិនីទាំងអស់បានផ្លាស់ប្តូរបរិយាកាសក្នុងការហ្វឹកហាត់ផងដែរ៕ ដោយ ស៊ាន សុផាត
