ជប៉ុនអនុម័តឱ្យដាក់លក់ថ្នាំរលូតកូនជាលើកដំបូង
តូក្យូ៖ ថ្នាំរំលូតកូននឹងមានដាក់លក់នៅក្នុងប្រទេសជប៉ុនជាលើកដំបូងបន្ទាប់ពីក្រសួងសុខាភិបាលជប៉ុនបានអនុម័តឱ្យប្រើប្រាស់ថ្នាំ ដែលប្រើដើម្បីបញ្ចប់ការមានផ្ទៃពោះនៅដំណាក់កាលដំបូង។
ការរំលូតកូនគឺស្របច្បាប់នៅក្នុងប្រទេសជប៉ុន គិតចាប់ពីពេលមានផ្ទៃពោះរហូតដល់រយៈពេល២២សប្តាហ៍ ប៉ុន្តែជាធម្មតា តម្រូវឱ្យមានការយល់ព្រមពីប្តីប្រពន្ធ ឬក៏ដៃគូជីវិត ហើយរហូតមកទល់ពេលនេះ ការវះកាត់គឺជាជម្រើសតែមួយគត់។

ក្រសួងសុខាភិបាលជប៉ុនបានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងមួយទៅកាន់មន្ត្រីថែទាំសុខភាពកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ខ្លួនបានអនុម័តឱ្យដាក់លក់ថ្នាំរំលូតកូន ដែលផលិតដោយក្រុមហ៊ុនឱសថអង់គ្លេស Linepharma។ក្រុមហ៊ុនផលិតឱសថនេះ បានដាក់ពាក្យស្នើសុំលើផលិតផលថ្នាំរបស់ខ្លួនចំនួនពីរប្រភេទ មានដូចជា mifepristone និង misoprostol សម្រាប់ការអនុម័តឱ្យដាក់លក់នៅក្នុងប្រទេសជប៉ុនកាលពីខែធ្នូ ឆ្នាំ២០២១។

ថ្នាំស្រដៀងគ្នានេះក៏មាននៅក្នុងប្រទេសជាច្រើនផ្សេងទៀត រួមទាំងបារាំងផងដែរ ដែលបានអនុម័តឱ្យប្រើថ្នាំរំលូតកូនជាលើកដំបូងក្នុងឆ្នាំ១៩៨៨ ហើយសហរដ្ឋអាមេរិកបានអនុម័តឱ្យប្រើថ្នាំនេះចាប់តាំងពីឆ្នាំ២០០០។
ទូរទស្សន៍ជាតិជប៉ុន NHK បានចេញផ្សាយថា ការចំណាយសរុបនៃថ្នាំរំលូតកូន និងការពិគ្រោះយោបល់ផ្នែកវេជ្ជសាស្រ្ត នឹងត្រូវចំណាយប្រហែល ១០០,០០០យ៉េន ឬប្រមាណ៧០០ដុល្លារអាមេរិក។

ការរំលូតកូនមិនត្រូវបានធានារ៉ាប់រងដោយការធានារ៉ាប់រងសុខភាពសាធារណៈទេ។ ការរំលូតកូនដោយការវះកាត់អាចមានតម្លៃប្រហែល ១០០,០០០យ៉េន ទៅ ២០០,០០០យ៉េន។ ថ្នាំពន្យារកំណើតបន្ទាន់មិនអាចរកទិញបាននៅក្នុងប្រទេសជប៉ុន ដោយគ្មានការយល់ព្រមពីវេជ្ជបណ្ឌិតនោះទេ។ ដូច្នេះការអនុម័តឱ្យដាក់លក់ថ្នាំរំលូតកូននេះ គឺដើម្បីបញ្ឈប់ការទិញថ្នាំប្រភេទនេះនៅលើទីផ្សារងងឹត៕



ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា