ប្រធានាធិបតីហ្វីលីពីនសង្ឃឹមមានទំនាក់ទំនងកាន់តែរឹងមាំជាមួយសហរដ្ឋអាមេរិក

ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអ បាននិយាយថា ជំនួបរបស់គាត់ជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នាពេលខាងមុខនេះ មានសារៈសំខាន់ណាស់ ក្នុងការជំរុញផលប្រយោជន៍ជាតិរបស់ហ្វីលីពីន និងពង្រឹងសម្ព័ន្ធភាពដ៏សំខាន់បំផុតរវាងទីក្រុងម៉ានីល និងទីក្រុងវ៉ាស៊ីនតោន។

មុនពេលចាកចេញពីប្រទេសទៅបំពេញទស្សនកិច្ចផ្លូវការរយៈពេលបួនថ្ងៃនៅសហរដ្ឋអាមេរិក ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអ បាននិយាយថា គាត់នឹងប្រាប់ទៅកាន់លោក បៃដិន ក្នុងអំឡុងកិច្ចប្រជុំទ្វេភាគីអំពីការប្តេជ្ញាចិត្តរបស់គាត់ក្នុងការបង្កើតទំនាក់ទំនងកាន់តែរឹងមាំជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយពេលវេលាលំបាករបស់ពួកយើង រួមទាំងបញ្ហាទាក់ទងនឹងសេដ្ឋកិច្ច។

លោក ម៉ាកូស បានបញ្ជាក់យ៉ាងដូច្នេះថា ក្នុងអំឡុងដំណើរទស្សនកិច្ចនេះដែរ យើងនឹងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើង ក្នុងការជំរុញសម្ព័ន្ធភាពដ៏យូរអង្វែងរបស់យើង ជាឧបករណ៍នៃសន្តិភាព និងជាកត្តាជំរុញដល់ការអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោកទាំងមូល។ ដំណើរទស្សនកិច្ចផ្លូវការរបស់លោក ម៉ាកូស ទៅកាន់សហរដ្ឋអាមេរិក គឺជាការបំពេញទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីហ្វីលីពីនក្នុងរយៈពេលជាង១០ឆ្នាំមកនេះ។

បើតាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់អាមេរិក លោក បៃដិន និងលោក ម៉ាកូស ត្រូវបានគេរំពឹងថា នឹងឈានដល់កិច្ចព្រមព្រៀងលើវិស័យជាច្រើន ក្នុងនោះរួមមានទាំងការពង្រឹងផ្នែកយោធាផងដែរ។ បន្ថែមលើនេះ សហរដ្ឋអាមេរិកគ្រោងនឹងបង្កើនកិច្ចសន្ទនាត្រីភាគីជាមួយជប៉ុន និងហ្វីលីពីន ហើយលោក ម៉ាកូស នឹងមានកិច្ចពិភាក្សានៅមន្ទីរបញ្ចកោណរបស់ក្រសួងការពារជាតិអាមេរិក អំពីការល្បាតដែនសមុទ្ររួមគ្នា៕

ប្រភព៖ TheStar ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner