គ្រោះថ្នាក់នៅការដ្ឋានសាងសង់ បណ្តាលឲ្យបុរសម្នាក់ដាច់ក្បាលចេញពីខ្លួន
ភ្នំពេញ៖ បុរសជាងជណ្តើរយន្តម្នាក់ ត្រូវជណ្តើរថយចុះមកក្រោម កិនត្រូវបណ្តាលឲ្យដាច់ក្បាល និងខ្លួនធ្លាក់ ពីលើអគារសំណង់ដែលមានកម្ពស់៧ជាន់ បណ្តាលឲ្យបាត់បង់ជីវិតភ្លាមៗនៅនឹងកើតហេតុតែម្តង។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ កើតឡើងកាលពីម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅអគារលេខ១១៨ ខាងជើងផ្សារថ្មី តាមបណ្តាលផ្លូវលេខ១២០ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ផន សុភ័ណ្ឌ អាយុ៣៩ឆ្នាំ មុខរបរជាងជណ្តើរយន្ត ស្នាក់នៅកន្លែងកើតហេតុ និងមានស្រុកកំណើតភូមិស្រឡូងទី២ ឃុំអង្គរទ្រេត ស្រុកព្រៃវែង ខេត្តព្រៃវែង។
តាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានឡើងទៅធ្វើការនៅជាន់ទី៧ ដើម្បីជួសជុល។ ពេលកំពុងធ្វើការ ជនរងគ្រោះបានងើបក្បាលទៅមើលជណ្តើរយន្ត ស្រាប់តែជណ្តើរថយចុះមកក្រោម ក៏ត្រូវកិនជនរងគ្រោះបណ្តាលឲ្យដាច់ក្បាល និងខ្លួនធ្លាក់ចុះមកក្រោមបាត់បង់ជីវិតតែម្តង។
ក្រោយកើតហេតុ អ្នកមើលការខុសត្រូវនៅការដ្ឋានសំណង់ខាងលើបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកកន្លែងកើតហេតុ នៅពេលដែលសមត្ថកិច្ចមកដល់ និងបានទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័្ចយនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកពិនិត្យនៅកន្លែងកើតហេតុ។ ក្រោយពីពិនិត្យកោសល្យវិច័្ចយរួចមក សមត្ថកិច្ចជំនាញបានប្រគល់សពបុរសរងគ្រោះឲ្យទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ធ.ដ





