អ៊ុយក្រែន​ថា ​ខ្លួនគ្រប់គ្រងបាន​ច្រកចេញចូលទៅកាន់ទីក្រុងបាកមូត

កៀវ៖ អ្នកនាំពាក្យយោធាអ៊ុយក្រែនបាននិយាយថា អ៊ុយក្រែននៅតែអាចគ្រប់គ្រងច្រកចេញចូលផ្លូវផ្គត់ផ្គង់គ្រឿងសព្វាវុធដ៏សំខាន់មួយទៅកាន់ទីក្រុងបាកមូត (Bakhmut) ខណៈដែលប្រធានក្រុមទាហានស៊ីឈ្នួល វ៉េកនឺ (Wagner Group) របស់រុស្ស៊ីបានគំរាមថាពួកគេនឹងដកកងទ័ពមួយចំនួន ចេញពីទីក្រុងភាគខាងកើត ប្រសិនបើទីក្រុងមូស្គូមិនបញ្ជូនគ្រាប់រំសេវឱ្យពួកគេបន្ថែមទេនោះ។​

អស់រយៈពេល ១០ ខែមកហើយដែលកងកម្លាំងរុស្ស៊ីបានព្យាយាមវាយលុកចូលទៅក្នុងទីក្រុងដែលបាក់បែកមួយនេះ និងជាទីក្រុងដែលធ្លាប់មានពលរដ្ឋអ៊ុយក្រែនរស់នៅប្រមាណប្រាំពីរម៉ឺននាក់។ រដ្ឋាភិបាលក្រុងកៀវ(Kyiv) បាន​សន្យា​ថានឹងការពារ​ទីក្រុងបាកមូតឱ្យបាន ខណៈដែល​រុស្ស៊ី​មើល​ឃើញ​ថា ការវាយយកបានទីក្រុងបាកមូត គឺ​ជា​ជំហាន​ថ្មីមួយរបស់ខ្លួនក្នុងការវាយ​​ប្រហារ​ទៅកាន់ទីក្រុង​ផ្សេងទៀត។​

លោក Serhiy Cherevatyi អ្នកនាំពាក្យកងទ័ពអ៊ុយក្រែននៅភាគខាងកើត បានលើកឡើងនៅក្នុងបទសម្ភាសន៍ជា​មួយគេហទំព័រសារព័ត៌មានក្នុងស្រុកមួយថា ៖ «អស់ជាច្រើនសប្តាហ៍មកហើយ ដែលរុស្ស៊ីបាននឹងកំពុងជជែកគ្នាអំពីការដណ្តើមយកផ្លូវសម្រាប់ដឹកស្បៀង និងសព្វាវុធមួយនេះ ក៏ដូចជាការរៀបចំផែនការបាញ់ប្រហារផ្សេងៗជាដើម»។​

លោកបានបន្តថា ៖ «វាពិតជាលំបាកណាស់នៅទីនោះ ប៉ុន្តែកងកម្លាំងការពាររបស់អ៊ុយក្រែនមិនបានអនុញ្ញាតឱ្យរុស្ស៊ីអាចកាត់ផ្តាច់ផ្លូវដឹកជញ្ជូនគ្រឿងសព្វាវុធ និងស្បៀងរបស់យើងបានទេ»។ គួរដឹងដែរថា ផ្លូវនេះត្រូវបានគេហៅថាជា «ផ្លូវសង្គ្រោះជីវិត» គឺជាផ្លូវដ៏សំខាន់មួយ ដែលតភ្ជាប់រវាងទីក្រុងបាកមូត ទៅកាន់ទីប្រជុំជននៅក្បែរនោះដែលគែហៅថា ស្រុកឆាស៊ីវយ៉ារ (Chasiv Yar) ស្ថិតនៅភាគខាងលិចចម្ងាយត្រឹមតែជាង ១៧ គីឡូម៉ែត្រប៉ុណ្ណោះ។​

អគ្គមេបញ្ជាការយោធាកំពូលរបស់អ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យថា «កងកម្លាំងរបស់ខ្លួនបានវាយបកទៅកាន់ការវាយប្រហាររបស់រុស្ស៊ីចំនួន៥៨លើកក្នុងរយៈពេលមួយថ្ងៃពេញនេះ។ ភាគច្រើនកើតឡើងនៅតំបន់ជួរមុខដែលលាតសន្ធឹងពីទីក្រុងបាកមូត ឆ្លងកាត់ទីក្រុងអាវឌីកា (Avdiivka) និងបន្តរហូតទៅដល់ទីក្រុងម៉ារីងកា (Maryinka) ភាគខាងត្បូងរបស់តំបន់ដូនេស្ក (Donetsk)។​

យោងតាមអ្នកវិភាគ​នៅក្នុងវិស័យយោធាបានឱ្យដឹងថា ប្រសិនបើទីក្រុងបាកមូតដួលរលំ នោះទីក្រុងឆាស៊ីវយ៉ារ ប្រហែលអាចនឹងជាគោលបន្ទាប់របស់រុស្សី បើទោះបីជាទីក្រុងនេះស្ថិតនៅលើដីខ្ពស់ជាង ហើយកងកម្លាំងអ៊ុយក្រែនបានសាងសង់បន្ទាយការពារនៅក្បែរនោះក៏ដោយ។​

លោក​ យ៉េវហ្គេនី ភ្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ស្ថាបនិកក្រុមហ៊ុនទាហានស៊ីឈ្នួល វ៉េកនឺ របស់រុស្ស៊ីដែលតែងតែបរាជ័យក្នុងសង្គ្រាម បានអះអាងថា នៅទីក្រុងបាកមូត កងកម្លាំងយោធារបស់លោក បានខិតជិតទៅមុខចម្ងា​យប្រហែលជា ១០០ ទៅ ១៥០ ម៉ែត្រហើយ ហើយសល់ត្រឹមតែ ៣ គីឡូម៉ែត្រការ៉េនៃទីក្រុងប៉ុណ្ណោះដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន។​

យ៉ាងណាក៏ដោយ ​លោក​បាន​និយាយ​ថា ​លោក​បាន​បាត់បង់​កងទ័ព​ចំនួន ៩៤ នាក់។ ស្ថាបនិកក្រុមហ៊ុនទាហានស៊ីឈ្នួលដដែលនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាសំឡេង និងត្រូវបានផ្សព្វផ្សាយនៅលើកម្មវិធីផ្ញើសារតេឡេក្រាម (Telegram) កាលពីល្ងាចថ្ងៃសៅរ៍ថា «ប្រសិនបើយើងមានគ្រឿងសព្វាវុធគ្រប់គ្រាន់ យើងនឹងចំណាយពេលតិចជាងប្រាំដងឯណោះ មិនដូចពេលនេះទេ»។​

ដោយឡែក នៅក្នុងបទសម្ភាសជាវីដេអូជិត ៩០ នាទីជាមួយអ្នកសរសេរប្លុករបស់យោធារុស្ស៊ីម្នាក់ឈ្មោះថា សឺមយ៉ន ភេហ្គូវ (Semyon Pegov) ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ លោក ភ្រីហ្គោហ្ស៊ីន បានគំរាមថានឹងដកកងទ័ពចេញពីទីក្រុងបាកមូត ដោយបានរំលេចថាពួកគេមានគ្រាប់រំសេវសម្រាប់ប្រើប្រាស់នៅសល់ត្រឹមតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ។​

លោក ភ្រីហ្គោហ្ស៊ីន បានបញ្ជាក់ថា ៖ «ប្រសិនបើកង្វះគ្រាប់រំសេវនេះ មិនត្រូវបានបំពេញបន្ថែមដោយរុស្ស៊ីនោះទេ ទំ​នងជាយើងនឹងត្រូវបង្ខំ ដកកងកម្លាំងយោធាមួយចំនួន»។ ការលើកឡើងនេះផងដែរ គឺជាការដកស្រង់ចេញពីលិខិតមួ​យច្បាប់ដែលលោកបានផ្ញើទៅរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក សឺហ្គៃ ស៊ុយហ្គូ (Sergei Shoigu) ដោយក្នុងនោះ លោ​កក៏បានសង្កត់ធ្ងន់អំពីថ្ងៃផុតកំណត់បញ្ជូនគ្រាប់រំសេវផងដែរ ពោលគឺថ្ងៃទី២៨ ខែមេសា។​

លោក ភ្រីហ្គោហ្ស៊ីន តែងតែបាននិយាយជាច្រើនលើកច្រើនសារមកហើយថា រុស្ស៊ីមិនបានផ្តល់គ្រាប់រំសេវឱ្យទាហានរបស់លោកនៅពេលដែលពួកគេត្រូវការនោះទេ ហើយពេលខ្លះ ថែមទាំងបានចោទប្រកាន់ថាពួកយើងក្បត់ទៀតផង។

លោកបានថ្លែងនៅក្នុងបទសម្ភាសន៍​មួយថា ៖ «យើងត្រូវតែបញ្ឈប់ការបោកប្រាស់ប្រជាជនដោយប្រាប់ពួកគេថាអ្វីគ្រប់យ៉ាងគឺល្អប្រសើរទៅ។ ខ្ញុំសូមនិយាយដោយស្មោះថា ប្រទេសរុស្ស៊ីកំពុងស្ថិតក្នុងស្ថានភាពទាល់ច្រកនៅក្នុងគ្រោះមហន្តរាយនេះហើយ»៕

ប្រែសម្រួល៖ធា សុណា

ប្រភព​៖ Ukraine says it controls key supply route into Bakhmut

ads banner