កម្មករសំណង់ម្នាក់ផុងជើងធ្លាក់មកដី បែកក្បាលស្លាប់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក ម៉ៅ សឿត អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ មានកម្មករសំណង់ម្នាក់បានស្លាប់ ក្រោយពីឡើងជួសជុលសំយ៉ាបនៅមន្ទីរពេទ្យជោរៃ បណ្ដាលឲ្យធ្លាក់ ស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ សពជនរងគ្រោះឈ្មោះ រី ដានី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ។

ក្នុងរបាយការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ មេការសំណង់បានទទួលម៉ៅការជួសជួលសំយ៉ាប មន្ទីរពេទ្យជោរៃ (ចំណុចកើតហេតុ) រួចក៏មានកម្មករសំណង់០៣នាក់ ឈ្មោះ រី ដានី (ជនរងគ្រោះ) ឈ្មោះមាឃ មែល និងឈ្មោះហុល ហៃ ឡើងទៅលើសំយ៉ាប។ ពេលនោះជនរងគ្រោះ បានមួលខ្ចៅដោះចេញ តែដោះមិនចេញក៏យកម៉ាឡេត វាយខ្ចៅនោះ រួចក៏ផុងជើងជាន់កញ្ចក់សំយ៉ាបបែកធ្លាក់មកក្រោមបោកក្បាលនឹងបេតុងបែកឈាមរបួសធ្ងន់ ត្រូវបានមន្ទីរពេទ្យជោរៃ បញ្ជូនទៅសង្គ្រោះបន្ទាន់។ រហូតដល់ម៉ោង១២ និង២៥នាទីថ្ងៃដដែល ជនរងគ្រោះក៏បានស្លាប់ រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យកន្លែងកើតហេតុ។

បើតាមការសន្និដ្ឋានតាមការពិនិត្យរបស់ការិយាល័យបច្ចេកទេសរាជធានីភ្នំពេញ និងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច្ច័យរាជធានីភ្នំពេញ បញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារការប៉ះទង្គិចក្បាល និងខ្លួនប្រាណធ្ងន់។ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner