ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ អញ្ជើញបិទការប្រកួតកីឡាបាល់ទាត់មិត្ដភាព ពានរង្វាន់បណ្ឌិត ហ៊ុន ម៉ាណែត ឆ្នាំ២០២៣» នៅស្រុកសំរោង ខេត្តតាកែវ
តាកែវ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបិទជាផ្លូវការ «ការប្រកួតកីឡាបាល់ទាត់មិត្ដភាពពានរង្វាន់ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ឆ្នាំ២០២៣» នៅស្រុកសំរោង ខេត្តតាកែវ ។

ឯកឧត្តមបណ្ឌិត បានថ្លែងថា ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់នេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការផ្តល់ឱកាសដល់យុវជន បានលេងកីឡាដើម្បីសុខភាព និងចាកឆ្ងាយពីគ្រឿងញៀន ដោយអនុលោមតាមពាក្យស្លោក «ប្រជាជនម្នាក់លេងកីឡាមួយមុខ»។ ការលេងកីឡា មិនត្រឹមផ្តល់ឲ្យយើងនូវ សុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងនូវមិត្តភាព និងចំណងសាមគ្គីភាពផងដែរ ។

សូមជម្រាបជូនថា នាឱកាសនៃពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មិត្តភាពពានរង្វាន់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឆ្នាំ២០២៣» ក៏មានការប្រកួតមិត្តភាពកិត្តិយសបើកឆាករបស់កីឡាករ មកពីក្លិបកីឡាបាល់ទាត់ប៉េងហួត ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលផងដែរ។

សម្រាប់លទ្ធផលក្រោយបញ្ចប់ការប្រកួត លេខ១ បានទៅលើក្រុមបាល់ទាត់វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនភ្នំជីសូរ ទទួលបានមេដាយមាស ពាន១ និងប្រាក់រង្វាន់ ៣ពាន់ដុល្លារ លេខ២ក្រុមបាល់ទាត់ វិទ្យាល័យខ្សាច់ស ទទួលបានមេដាយប្រាក់ ពាន១ និងប្រាក់រង្វាន់១ពាន់៥រយដុល្លារ ចំណែកលេខ៣បានទៅក្រុមបាល់ទាត់វិទ្យាល័យសុខអានក្តីទន្ទឹម ទទួលបានមេដាយសំរឹទ្ធ ពានមួយ និងប្រាក់រង្វាន់ ១ពាន់ដុល្លារ និងលេខ ៤ ទទួលបាននប្រាក់លើកទឹកចិត្ត ៥រយដុល្លារ និងក្រុមផ្សេងៗទៀតនូវទឹកប្រាក់ ២០០ដុល្លារដើម្បីទឹកចិត្តឱ្យខិតខំបន្តទៀត ៕


ជាវ ចន្ធូ