អ.ស.ប នឹងបន្តមានវត្តមានរបស់ខ្លួននៅអាហ្វហ្គានីស្ថាន ប៉ុន្តែថវិកាជំនួយមានស្តួចស្ដើង
អ.ស.ប៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ(អ.ស.ប) លោក អង់តូនីញូវ ហ្គូតទែរ៉េស បានថ្លែងកាលពីថ្ងៃអង្គារថា អង្គការនឹងបន្តវត្តមានរបស់ខ្លួននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដើម្បីផ្តល់ជំនួយដល់ប្រជាជនរាប់លាននាក់ បើទោះបីជាក្រុមតាលីបង់រឹតត្បិតការងារលើបុគ្គលិកស្រីរបស់ខ្លួនក៏ដោយ។ យ៉ាងណាមិញ លោកថាការផ្តល់មូលនិធិសម្រាប់បម្រើឱ្យបេសកកម្មជំនួយមានស្តួចស្ដើង។
លោក ហ្គូតទែរ៉េស បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ក្រោយកិច្ចប្រជុំប្រេសិតមកពីប្រទេសជាង ២០ ក្នុងទីក្រុងដូហា ដើម្បីពិភាក្សាអំពីវិធីសាស្រ្តអន្តរជាតិរួមមួយចំពោះអាហ្វហ្គានីស្ថាននោះ ហើយបានបន្តថា ការព្រួយបារម្ភអំពីស្ថិរភាពរបស់ប្រទេសនេះកំពុងកើនឡើង។
លោកនិយាយដូច្នេះថា៖ «យើងនៅបន្ត ហើយយើងផ្តល់ ហើយយើងប្តេជ្ញាស្វែងរកលក្ខខណ្ឌចាំបាច់ ដើម្បីបន្តការចែកចាយ(ជំនួយ)»។
មិនត្រឹមតែប៉ុណ្ណោះ លោក ហ្គូតទែរ៉េស បានហៅការហាមឃាត់មិនឱ្យបុគ្គលិកជាស្រ្តីរបស់អ.ស.បនៅអាហ្វហ្គានីស្ថានធ្វើការរបស់ពួកតាលីបង់កាលពីខែមុនថា ជាការរំលោភសិទ្ធិមនុស្ស។ លោកបន្តថា យើងនឹងមិននៅស្ងៀមនៅចំពោះមុខការវាយប្រហារជាប្រព័ន្ធដែលមិនធ្លាប់មានពីមុនមកលើសិទ្ធិស្ត្រី និងកុមារីនោះទេ។
រដ្ឋមន្ត្រីក្រសួងការបរទេសប៉ាគីស្ថាន លោកស្រី Hina Rabbani Khar ដែលចូលរួមក្នុងកិច្ចប្រជុំប្រេសិតជាមួយលោក ហ្គូតទែរ៉េស ផងដែរនោះ បានលើកឡើងថា ការគំរាមកំហែង ឬដាក់ក្រុមតាលីបង់ឱ្យនៅដាច់ដោយឡែកពីគេ មិនមែនជាវិធីសាស្រ្តជាក់ស្តែងសម្រាប់ប្រទេសដែលស្វែងរកការបន្ធូរបន្ថយវិបត្តិមនុស្សធម៌នៅអាហ្វហ្គានីស្ថាន ឬដើម្បីបន្ធូរបន្ថយការរឹតបន្តឹងលើស្ត្រី និងក្មេងស្រីនោះទេ។ លោកស្រីបន្តថា ប្រជាជនអាហ្វហ្គានីស្ថានទាំងជាង ៤០ លាននាក់ ស្ថិតនៅលើការសម្រេចចិត្តរបស់ម្ចាស់ជំនួយ។
លោក ហ្គូតទែរ៉េស បានព្រមានអំពីកង្វះខាតយ៉ាងធ្ងន់ធ្ងរលើមូលនិធិហិរញ្ញវត្ថុ ដែលអ.ស.ប បានអំពាវនាវសុំសម្រាប់អាហ្វហ្គានីស្ថាននៅឆ្នាំនេះ។ មកទល់ពេលនេះ អង្គការទើបតែប្រមូលបានមូលនិធិត្រឹមតែជាង ៦ ភាគរយ នៃសំណើ ៤,៦ ប៊ីលានដុល្លារ ដែលបានដាក់ចេញរួចប៉ុណ្ណោះ។
លោក ហ្គូតទែរ៉េស បានសង្កត់ធ្ងន់ថា កិច្ចប្រជុំនៅទីក្រុងដូហា មិនមានគោលបំណងដើម្បីទទួលស្គាល់រដ្ឋបាលរបស់តាលីបង់នោះទេ។ លោកថាលោកនឹងជួបជាមួយមន្រ្តីតាលីបង់ នៅពេលវេលាសមស្រប៕ ប្រែសម្រួល៖ ហួន ឌីណា