អង្គការសុខភាពពិភពលោក៖ប្រព័ន្ធសុខាភិបាលផ្តល់សញ្ញាពីការងើបឡើងវិញពីវិបត្តិជំងឺកូវីដ ខណៈ CDC អឺរ៉ុបចេញរបាយការណ៍ស្ដីពីបញ្ហាកូវីដ
អង្គការសុខភាពពិភពលោក៖ មន្ត្រីអង្គការសុខភាពពិភពលោក(WHO)បាននិយាយកាលពីថ្ងៃអង្គារថា ប្រព័ន្ធសុខាភិបាលនៅជុំវិញពិភពលោកបានផ្តល់ «សញ្ញាសំខាន់នៃការងើបឡើងវិញ» ជាលើកដំបូងពីវិបត្តិជំងឺរាតត្បាតកូវីដ១៩ ដែលអូសបន្លាយអស់រយៈពេលជាងបីឆ្នាំមកនេះ។
ទន្ទឹមនឹងនេះ មជ្ឈមណ្ឌលសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺអឺរ៉ុប (ECDC) ចេញផ្សាយការសន្និដ្ឋានរបស់ខ្លួនចំពោះកូវីដថាបានបង្រៀនមេរៀនដ៏មានតម្លៃ ហើយសង្កត់ធ្ងន់ពីតម្រូវការចាំបាច់សម្រាប់ត្រៀមនៅពេលជួបវិបត្តិសុខាភិបាលនាពេលអនាគត។
នាយកសេវាសុខាភិបាលរួមរបស់ WHO លោក រ៉ូឌី អ៊ីហ្គឺរស៍ (Rudi Eggers) បានថ្លែងនៅពេលបង្ហាញលទ្ធផលនៃការស្ទង់មតិជាសកលទី៤របស់ WHO ស្តីពីការបន្តនៃសេវាសុខាភិបាលសំខាន់ៗក្នុងអំឡុងជំងឺរាតត្បាតកូវីដ១៩ ថា នៅដើមឆ្នាំ ២០២៣ ប្រទេសនានាបានរាយការណ៍ពីការថយចុះនៃការរំខានផ្សេងៗលើការផ្ដល់សេវាសុខាភិបាលជាប្រចាំ។
បើតាមការស្ទង់មតិរបស់ WHO ប្រទេសភាគច្រើនដែលចូលរួមឆ្លើយតប បានរាយការណ៍ថា សេវាសុខាភិបាលស្ទើរតែ ១ភាគ៤ ជាមធ្យម នៅតែបន្តរងការរំខាន។ ការបន្តនៃការរំខាន គឺដោយសារតែកត្តាតម្រូវការ និងការផ្គត់ផ្គង់ រួមទាំងកម្រិតទាបនៃការស្វែងរកការថែទាំសុខភាពនៅក្នុងសហគមន៍ និងកង្វះពេទ្យ គ្លីនិក ថ្នាំពេទ្យ ឬផលិតពេទ្យវេជ្ជសាស្រ្តផ្សេងៗទៀតជាដើម។
ក្នុងប្រទេសចំនួន ៨៤ ដែលអាចធ្វើការវិភាគបាន ភាគរយនៃសេវាសុខាភិបាលដែលរងការរំខាន បានធ្លាក់ចុះជាមធ្យមពី ៥៦ ភាគរយ នៅចន្លោះខែកក្កដា-កញ្ញា ឆ្នាំ ២០២០ មិនត្រឹម ២៣ ភាគរយ នៅចន្លោះពីខែវិច្ឆិកាឆ្នាំ ២០២២ ដល់ខែមករា ឆ្នាំ ២០២៣។
លោក អ៊ីហ្គឺរស៍ ថ្លែងថា ៖ «វាជាព័ត៌មានល្អ ដែលថាប្រព័ន្ធសុខាភិបាលនៅក្នុងប្រទេសភាគច្រើនលើពិភពលោក កំពុងចាប់ផ្តើមដំណើរការការផ្ដល់សេវាសុខាភិបាលសំខាន់ៗឡើងវិញ សម្រាប់មនុស្សរាប់លាននាក់ ដែលមិនទទួលបានសេវាទាំងនោះដោយសារកូវីដ១៩»។
បន្ថែមពីនេះ លោក អ៊ីហ្គឺរស៍ បាននិយាយថា ជំហានសំខាន់មួយទៀត ដែលបង្ហាញពីការឆ្ពោះទៅរកការងើបឡើងវិញនៃប្រព័ន្ធសុខាភិបាល នោះគឺ ប្រទេសភាគច្រើនបានរួមបញ្ចូលគ្នានៃការផ្ដល់សេវាកម្មព្យាបាលកូវីដ-១៩ ជាមួយនឹងសេវាសុខភាពផ្សេងៗទៀត។
លោកបន្ថែមទៀតថា ភាគច្រើននៃបណ្តាប្រទេសចំនួន ១៣៩ ដែលបានឆ្លើយតបការស្ទង់មតិរបស់ WHO ក៏បានចាប់ផ្តើមអនុវត្តនូវអ្វីដែលពួកគេបានរៀនពីវិបត្តិកូវីដ១៩ រួមទាំងការដាក់បញ្ចូលនូវយុទ្ធសាស្ត្រកាត់បន្ថយការរំខានការផ្ដល់សេវាសុខាភិបាលប្រកបដោយភាពច្នៃប្រឌិតមួយចំនួន ទៅក្នុងការផ្តល់សេវាថែទាំសុខភាពប្រចាំថ្ងៃ។
លោកបានបន្តថា៖ «យើងត្រូវធានាថា ប្រទេសទាំងអស់បន្តបិទគម្លាតដោយសារតែការរំខាននេះ ដើម្បីស្តារសេវាសុខាភិបាលឡើងវិញ និងអនុវត្តមេរៀនដែលកូវីដ១៩ផ្ដល់ឱ្យ ដើម្បីកសាងប្រព័ន្ធសុខាភិបាលមួយ ដែលមានការត្រៀមខ្លួនរួចជាស្រេច ហើយរឹងម៉ាំ សម្រាប់ថ្ងៃអនាគត»។
ទន្ទឹមនឹងសុទិដ្ឋិនិយមក្នុងការស្ទង់មតិរបស់ WHO នេះ CDC អឺរ៉ុប ឯណោះវិញ បានចេញរបាយការណ៍ស្ដីពីការសន្និដ្ឋាន ដែលពិភពលោករៀនបានពីវិបត្តិកូវីដ-១៩។ អាជ្ញាធរសុខាភិបាលសហភាពអឺរ៉ុប បាននិយាយថា ខ្លួនបានកំណត់ចំណុចសំខាន់ៗចំនួនបួន ដែលជាមេរៀនដ៏មានតម្លៃពីកូវីដ-១៩ រួមមានការវិនិយោគលើវិស័យសុខភាពសាធារណៈ ការរៀបចំសម្រាប់វិបត្តិសុខាភិបាលបន្ទាប់ ការចូលរួមគ្នាដើម្បីដោះស្រាយហានិភ័យតាមរយៈការទំនាក់ទំនង និងការប្រមូល និងការវិភាគទិន្នន័យ និងភស្តុតាង។
នាយក ECDC លោក Andrea Ammon បាននិយាយថា៖ «ជំងឺរាតត្បាតកូវីដ-១៩ បានបង្រៀនយើងនូវមេរៀនដ៏មានតម្លៃ ហើយវាជាការសំខាន់ណាស់ក្នុងការពិនិត្យឡើងវិញ និងវាយតម្លៃសកម្មភាពរបស់យើង ដើម្បីកំណត់នូវអ្វីដែលបានដំណើរការ និងអ្វីដែលមិនបានដំណើរការ»។
គួរបញ្ជាក់ថា កាលពីខែមករាដើមឆ្នាំនេះ អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយថា កូវីដ១៩ នៅតែជាអាសន្នសុខភាពសកល។ យ៉ាងណាមិញ លោកលើកឡើងថា ពិភពលោកបានប្រហើរឡើងខ្លាំងហើយបើប្រៀបធៀបកាលពីជាង១ឆ្នាំមុន ហើយបង្ហាញក្ដីសង្ឈឹមថា ពិភពលោកនឹងដំណាក់កាលអាសន្ននៃជំងឺរាតត្បាតនៅឆ្នាំ ២០២៣ នេះ។
ចាប់តាំងពីកូវីដផ្ទុះបែកលើកដំបូងនៅចុងឆ្នាំ ២០១៩ នៅទីក្រុងវ៊ូហាននៃប្រទេសចិនមក ជំងឺនេះបានសម្លាប់មនុស្សជាង ៦,៩ លាននាក់ទូទាំងពិភពលោក និងឆ្លងរាលដាលលើមនុស្សជាង ៧៦៤ លាននាក់។ ទោះបីជាវិបត្តិកូវីដបានស្រកស្រាន្តទៅហើយក្ដី ជំងឺនេះនៅតែឆ្លងលើមនុស្សរាប់ម៉ឺន និងសម្លាប់មនុស្សរាប់រយនាក់ជាប្រចាំថ្ងៃ។ នេះបើតាមទិន្នន័យរបស់ WHO គិតត្រឹមថ្ងៃទី ២៦ ខែមេសា៕ ប្រែសម្រួល៖ ហួន ឌីណា