ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត៖ សម្តេចតេជោយកចិត្តទុកដាក់ខ្ពស់ទៅលើការកសាងធនធានមនុស្សឆ្នើម យុគ្គសម័យឌីជីថល

ភ្នំពេញ៖ ថ្លែងក្នុងពិធីសំណេះ សំណាលជាមួយនិស្សិតអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២២-២០២៣ ចំនួន៣១៤នាក់ នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តមជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកសាងធនធានមនុស្សឆ្នើម ក្នុងយុគសម័យឌីជីថល ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ សុខុមាលភាពសង្គម ។

ឯកឧត្តមបន្តថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់អាហារូបករណ៍ទេពកោសល្យឌីជីថល ផ្តល់ជូននិស្សិតឆ្នើមដើម្បីបង្កើនសមត្ថភាពធនធានមនុស្សជំនាញបច្ចេកវិទ្យាឌីជីថល ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល និងរដ្ឋាភិបាលឌីជីថល។

ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រី បានអបអរសាទរជាថ្មីម្ដងទៀត ចំពោះនិស្សិតពូកែទាំង ៣១៤នាក់ ដែលទទួលបានអាហារូបកណ៍ដ៏ពិសេសនេះ។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់និស្សិតទាំងអស់ត្រៀមលក្ខណៈឱ្យបានល្អ ត្រូវផ្តោតការយកចិត្តទុកដាក់រៀនសូត្រឱ្យពូកែ និងធ្វើការស្រាវជ្រាវផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្ដែងឱ្យបានច្រើនដើម្បីក្លាយជាធនធានមនុស្សឆ្នើមក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ហើយក្លាយខ្លួនជាអ្នកដឹកនាំលើវិស័យនេះ។

ឯកឧត្តមរដ្ឋមន្ត្រី មានសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា ក្មួយៗនឹងខិតខំរៀនសូត្រ អភិវឌ្ឍចំណេះដឹងរបស់ខ្លួន ដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជាឆ្ពោះទៅសម្រេចបានបរិវត្តកម្មឌីជីថលនៅកម្ពុជានាពេលអនាគត។

ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត គួសបញ្ជាក់ផងដែរថា “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ” មានតួនាទីសំខាន់សម្រាប់អភិវឌ្ឍធនធានមនុស្សឆ្នើម ក្នុងយុគសម័យឌីជីថល ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម។

គួរបញ្ជាក់ផងដែរថា និស្សិតអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២២-២០២៣ ចំនួន៣១៤នាក់ កំពុងសិក្សាឆ្នាំទី១ នៅ គ្រឹះស្ថានឧត្តមសិក្សាចំនួន៥ គឺបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និងសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (Paragon) ។

ក្នុងឱកាសនព ឯកឧត្តមរដ្ឋមន្ត្រី បានប្រគល់រង្វាន់លើកទឹកចិត្តដល់ក្រុមនិសិ្សតដែលទទួលបានជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិ និងថ្នាក់តំបន់ ដែលរួមមាន ពានរង្វាន់បច្ចេកវិទ្យាវាស់ស្ទង់កម្ពស់ទឹកក្នុងកម្មវិធីប្រកួតប្រជែងបច្ចេកវិទ្យារបស់គណៈកម្មការទន្លេមេគង្គ ពានរង្វាន់កម្មវិធីប្រកួត ធុរកិច្ចថ្មីឌីជីថល SmartStart 2023 និងពានរង្វាន់កម្មវិធីប្រកួតរ៉ូបូតថ្នាក់ជាតិ Robocon 2022 ដោយបេក្ខភាពជ័យលាភីម្នាក់ៗទទួលបានថវិកាចំនួន ២០០ដុល្លារ និងអាវយឺតក្រសួងចំនួន១ ហើយ ឯកឧត្តមរដ្ឋមន្ត្រី បានប្រគល់ជូននិស្សិតជ័យលាភីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោចំនួន ៣១៤នាក់ នូវវិញ្ញាបនបត្រទទួលស្គាល់អាហារូបករណ៍ កុំព្យូទ័រយួរដៃមួយគ្រឿង កាបូបស្ពាយ១ និងអាវយឺតក្រសួង១ ផងដែរ៕ អត្ថបទ រូបភាព ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner