គ.ជ.ប នឹងបើកកិច្ចប្រជុំស្តីពីបច្ចុប្បន្នភាពនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជូនដំណឹងដល់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ក្រោមប្រធានបទស្តីពី៖
-បច្ចុប្បន្នភាពនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ
-បច្ចុប្បន្នភាពចំនួនអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ
-ក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍បោះឆ្នោតក្នុងដំណើរការបោះឆ្នោត។

កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនាថ្ងៃអង្គារ ទី៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១០:០០នាទីព្រឹក នៅសាលសន្និសីទជាន់ទី១ នៃទីស្តីការ គ.ជ.ប (វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ) ក្រោមអធិបតីភាព ឯកឧត្តម មាន សទិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ។

សូមជម្រាបថា គិតចាប់ពីថ្ងៃទី២៤ ខែមេសា មកដល់ត្រឹមល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន១២គណបក្សហើយ ដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលពី៧ ឆ្នាំ២០២៣។ ក្នុងចំណោមគណបក្សនយោបាយចំនួន១២គណបក្ស គឺមានគណបក្សចំនួន៨ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទទួលស្គាល់ជាផ្លូវការ និងគណបក្សចំនួន ៤ទៀត គ.ជ.ប កំពុងពិនិត្យ។ គួរបញ្ជាក់ថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣៕
ដោយ៖ពលជ័យ

ads banner