ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជា បន្តការចុះសួរសុខទុក្ខ ចាស់ព្រឹទ្ធាចារ្យ រៀមច្បងដែលមានស្នាដៃ តស៊ូដើម្បីបុព្វហេតុរំដោះប្រជាជនកម្ពុជា កន្លងមក
ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនគ្រប់លំដាប់ថ្នាក់ និងជាការដឹងគុណ ក្នុងនាមជាអ្នកបន្តវេន មិនដែលភ្លេចពីគុណតម្លៃរបស់ឥស្សរជន ដែលមានស្នាដៃ តស៊ូដើម្បីបុព្វហេតុរំដោះប្រជាជនកម្ពុជា កសាងជាតិ កសាងសន្តិភាព និងអភិវឌ្ឈនប្រទេសជាតិរហូតមក ជាក់ស្តែងនាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣នេះ ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាដឹកនាំដោយ ឯកឧត្តម ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញសួរសុខទុក្ខ ឯកឧត្តម នុច ថន ដល់គេហដ្ឋាន នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ឯកឧត្តម ចាយ បូរិន ប្រធានប្រតិភូបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ប្រធានគណបក្ស សម្តេច និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ព្រមទាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនចំពោះ ឯកឧត្តម នុច ថន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ។

ឯកឧត្តមប្រធានប្រតិភូ ក៏បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ខ្ពស់របស់ ឯកឧត្តម នុច ថន ដែលបានចូលបម្រើកងទ័ពដើម្បីបុព្វហេតុរំដោះប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃ ៧មករា ១៩៧៩ ហើយបានចូលរួមអភិវឌ្ឍប្រទេសជាតិជារៀងរហូតមក។

ឯកឧត្តម នុច ថន មានប្រសាសន៍ថា គ្រួសារយើងខ្ញុំពិតជាមានក្តីរំភើបរីករាយយ៉ាងខ្លាំងឥតឧបមា ដោយមិនអាចយកអ្វីមកប្រៀបផ្ទឹមបានឡើយ ហើយយើងខ្ញុំសូមសម្តែងនូវកត្តញូនិងកតវេទី យ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានចាត់ឯកឧត្តម ចាយ បូរិន ជាតំណាងដឹកនាំប្រតិភូមកសួរសុខទុក្ខរូបខ្ញុំ និងក្រុមគ្រួសារដល់លំនៅដ្ឋាន។

ឯកឧត្តមក៏បានលើកឡើងផងដែរថា យុវជនជំនាន់មុនបានយកជីវិតធ្វើជាដើមទុនដើម្បីបុព្វហេតុប្រជាជន និងប្រទេសជាតិ ដើម្បីសុខសន្តិភាព ហើយធ្វើការអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឱ្យប្រទេសជាតិមានកេរ្តិ៍ឈ្មោះស្មើមុខមាត់ជាមួយបណ្តាប្រទេសនានានៅលើពិភពលោក ដូច្នេះយុវជនជំនាន់ក្រោយក្រៅពីបន្តថែរក្សាសមិទ្ធផលវិជ្ជមានរបស់ថ្នាក់ដឹកនាំជំនាន់មុន ត្រូវខិតខំអនុវត្តគោលនយោបាយរបស់បក្ស ត្រូវកសាង វិន័យ សីលធម៌ ត្រូវបន្តខិតខំរៀនសូត្រ ជៀសវៀងអំពើទុច្ចរិត ត្រូវចេះសាមគ្គីធម៌ កុំរើងអើងវណ្ណៈក្នុងសង្គម ព្រោះយុវជនជាទំពាំងស្នងឫស្សី ។

ឯកឧត្តមបានរៀបរាប់ពីប្រវត្តិការងារថា នៅឆ្នាំ១៩៧០ បានចូលបម្រើកងទ័ពរំដោះនៅស្រុកឆ្លូង ខេត្តក្រចេះ ហើយបានផ្ទេរមកកងទ័ពតំបន់២១ ក្នុងកងវរសេនាធំតំបន់២១ ដែលដឹកនាំដោយសមមិត្ត ហ៊ុន សែន។ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ ចូលរួមបង្កើតកម្លាំងទ័ព១២៥ និងឈានទៅបង្កើតគណៈបញ្ជាការអង្គភាព៥៧៨ ក្រោមការដឹកនាំរបស់សមមិត្ត ហ៊ុន សែន ដោយទទួលភារកិច្ចជាអនុប្រធាននយោបាយ ជាប្រធានវរសេនាតូចលេខ១៦ ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ជាសមាជិករណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ជាសមាជិកសភាខេត្តកំពង់ចាម ជាប្រធានសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា អគ្គនាយកចម្ការកៅស៊ូ អនុប្រធានគណៈស្រាវជ្រាវសេដ្ឋកិច្ចមជ្ឈិមបក្ស អនុរដ្ឋមន្រ្តីក្រសួងត្រួតពិនិត្យកិច្ចការរដ្ឋ ទីប្រឹក្សា ឯកឧត្តម ស ខេង ទីប្រឹក្សាឯកឧត្តម ជា ស៊ីម ទីប្រឹក្សាសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ទីប្រឹក្សាក្រសួងការពារជាតិ ។
ឯកឧត្តម ចាយ បូរិន ប្រធានប្រតិភូ ព្រមទាំង សមាជិកសមាជិកា បានប្រគល់ជូនវត្ថុអនុស្សារីយ៍និងថវិកា ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជូនដល់ឯកឧត្តម នុច ថន និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ពិសេសទេវតាឆ្នាំថ្មី សូមតាមជួយបីបាច់ថែរក្សាឯកឧត្តម មានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ។ ដោយ ហេង សម្បត្តិ