ធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់កម្ចីដល់កម្ពុជា ជាង ៣៦៨ លានដុល្លារ ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអះអាងថា នៅក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាបានទទួលកម្ចីពីធនាគារមួយនេះក្នុងរង្វង់ប្រមាណជាង ៣៦៨ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដើម្បីយកមកអភិវឌ្ឍវិស័យចាំបាច់ជាច្រើន ក្នុងការជួយជំរុញការលូតលាស់នៃសេដ្ឋកិច្ច និងសង្គម។ នេះបើតាមរបាយការណ៍ពីព្រឹត្តិបត្រព័ត៌មានរបស់ធនាគារ ADB ដែលបានចេញផ្សាយក្នុងខែមេសា ឆ្នាំ២០២៣នេះ។

របាយការណ៍បានបង្ហាញទៀតថា បើតាម ADB គិតមកទល់ពេលនេះ សរុបទាំងថវិកាកម្ចី និងថវិកាជំនួយ ដែលបានផ្ដល់ឱ្យកម្ពុជា គឺមានដល់ទៅប្រមាណជាង ៣ ពាន់លានដុល្លារអាមេរិកហើយ ខណៈដែលសន្និធិបំណុលសរុបរបស់កម្ពុជាគិតត្រឹមចុងឆ្នាំ២០២២ គឺមានប្រមាណ ១០ពាន់លានដុល្លារអាមេរិក។

របាយការណ៍បានឱ្យដឹងទៀតថា គិតមកទល់បច្ចុប្បន្ននេះ ធនាគារមួយនេះ បានសន្យានឹងផ្ដល់ថវិកាកម្ចី ជំនួយ និងជំនួយបច្ចេកទេសក្នុងវិស័យសាធារណៈចំនួន ៣៣១ សម្រាប់កម្ពុជា ដែលគិតជាទឹកប្រាក់សរុបមានដល់ទៅ ៤ពាន់៦រយលានដុល្លារអាមេរិក។ ក្នុងនោះ មានថវិកាប្រមាណជាងបីពាន់លានដុល្លារហើយ ដែលបានផ្ដល់ទៅឱ្យកម្ពុជាតាមរយៈកម្ចី និងជំនួយឥតសំណង។ ជាមួយគ្នានេះ ផលបត្ររដ្ឋ ដែលធនាគារ ADB កំពុងដំណើរការនៅកម្ពុជា មានតម្លៃសរុបប្រមាណ ២ពាន់លានដុល្លារ ក្នុងនោះ រួមបញ្ចូលទាំងកម្ចីចំនួន៣៨ និងជំនួយឥតសំណងចំនួនប្រាំបួន។

ជាមួយគ្នានេះដែរ នៅក្នុងឆ្នាំ២០២២ ធនាគារ ADB បានសម្រេចផ្ដល់ថវិកា ជំនួយឥតសំណង និងជំនួយបច្ចេកទេស មកឱ្យកម្ពុជាសរុបមានជាង ៤៧៦លានដុល្លារ ដោយក្នុងនោះ ប្រាក់កម្ចីមានជិត ៤០០លានដុល្លារ និងជំនួយឥតសំណងមានជាង៥២លានដុល្លារ។

ធនាគារអភិវឌ្ឍន៍អាស៊ី គឺស្ថិតនៅក្នុងចំណោមប្រភពជំនួយអភិវឌ្ឍន៍ផ្លូវការដ៏ធំបំផុតមួយរបស់កម្ពុជា ដោយគិតជាមធ្យមនៅ
រយៈពេល៥ឆ្នាំកន្លងមកនេះ ពោលគឺចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ កម្ពុជាទទួលបានទឹកប្រាក់កម្ចីជាមធ្យមប្រមាណជាង ៣៦៨លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ពីធនាគារមួយនេះ។

បើតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបង្ហាញថា គិតត្រឹមចុងឆ្នាំ២០២២ សន្និធិបំណុលសរុបរបស់កម្ពុជាមានប្រមាណ១០ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ អនុបាតតម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្រៅប្រទេសធៀបនឹងផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា គឺនៅមានត្រឹមតែ ប្រមាណ ២៥ភាគរយប៉ុណ្ណោះ ធៀបនឹងអនុបាតគោល ៤០ភាគរយ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃថា កម្រិតបំណុលប៉ុណ្ណេះ នៅតែស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមានចីរភាព និងហានិភ័យកម្រិតទាប៕ ដោយ៖ វណ្ណ សុជាតា

ads banner