សូត្រមាសខ្មែរ ពិបាកក្នុងការផលិត និងកំពុងមានតម្រូវការថយចុះ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ តម្បាញសូត្រ គឺជាកេរមរតកវាយនភណ្ឌប្រពៃណីរបស់ខ្មែរដែលមានប្រវត្តិល្បីល្បាញជាយូរមក ហើយសិប្បកម្មសូត្រខ្មែរ ក៏ជាអត្តសញ្ញាណមួយរបស់កម្ពុជា។ តួយ៉ាងដូចជាផលិតផលសំពត់សូត្រ អាវសូត្រ និងក្រមាសូត្រជាដើម។

ផលិតផលដែលច្នៃពីសូត្រខ្មែរ តែងត្រូវបានគេទទួលស្គាល់ និងពេញនិយម ប្រើប្រាស់ទំាងក្នុងនិងក្រៅប្រទេស។ ទោះបីជាសូត្រខ្មែរមានការទទួលស្គាល់ និងល្បីល្បាញ យ៉ាងណាតែផលិតផលផលមួយចំនួននៅលើទីផ្សារពុំមែនជាផលិតផលដែលច្នៃចេញពីសរសៃសូត្រខ្មែរនោះទេ ដោយសារតែបច្ចុប្បន្ននេះសូត្រខ្មែរមានតិច ដោយសារការចិញ្ចឹមសត្វដង្កូវនាងយកសូត្រ សឹងតែ បាត់បង់អស់ ទៅហើយ។

អ្នកស្រី ម៉ន សារឿត ម្ចាស់សិប្បកម្ម Khmer Golden Silk ដែលច្នៃសូត្រមាសខ្មែរទៅជាផលិផលផ្សេងៗ ដែលមានទីតាំងនៅខេត្តសៀមរាបនិងខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា សូត្រខ្មែរមានលក្ខណៈពិសេសខ្លាំងណាស់ តែក៏ពិបាកផលិត និងចំណាយពេលយូរ ។បច្ចុប្បន្ននេះ ទោះបីជំងឺកូវីដ១៩ ត្រូវបានទប់ស្កាត់ដោយជោគជ័យ តែតម្រូវការនៃសូត្រខ្មែរគឺមិនទាន់ត្រលប់មកវិញដូចដើមនោះទេ។

អ្នកស្រី ម៉ន សារឿត បានឱ្យដឹងពីលក្ខណៈពិសេស និងមូលហេតុដែលធ្វើឱ្យសូត្រខ្មែរមានតម្លៃថ្លៃបែបនេះ៖ « ទី១ សូត្រខ្មែរ ឬសូត្រក្នុងតំបន់ខ្ញុំគឺមានពណ៌មាសតែម្ដង ,ទី២គឺទាក់ទងនឹងការផលិត ការចិញ្ចឹមដង្កូវនាងគឺទាមទារអនាម័យខ្ពស់ តាមបែបធម្មជាតិ និងការស្រាយសូត្រគឺទាមទារភាពអត់ធ្មត់ខ្ពស់ រួមទាំងចំណាយពេលវេលាយូរផងដែរ ហើយនៅពេលដែលច្នៃវាទៅជាផលិតផលគឺវាទាមទារដំណាក់កាល និងពេលវេលាយូរទៀត»។

អ្នកស្រីបន្តថា និយាយទៅ គឺយើងនៅតែប្រើបែបបុរាណទាំងអស់ ដោយដៃទាំងអស់ ប្រើកម្លាំង រយៈពេលយូរ និងការ អត់ធ្មត់ខ្លាំងមែនទែន ហើយអ្វីដែលកាន់តែលំបាកគឺយើងមិនមានជាគ្រឿងម៉ាស៊ីន ជាជំនួយទេ រាល់ឧបករណ៍ទាំងអស់គឺបុរាណតែម្ដង។

អាជីវករដើមកំណើតមកពីខេត្តបន្ទាយមានជ័យរូបនេះបានបន្តឱ្យដឹងទៀតថា ពេលវេលានៃការផលិតគឺអាស្រ័យទៅលើផលិតផល ឧទាហរណ៍ដូចជាភួយគឺត្រូវការពេលចន្លោះពី ១ថ្ងៃដល់ ៣ថ្ងៃ ចំណែកផលិតផលផ្សេងទៀតក៏ដូចគ្នា គឺអាស្រ័យទៅលើម៉ូតរបស់វា ដែលម៉ូតខ្លះអាចត្រូវការពេលយូរខ្លាំងមែនទែន។

ជុំវិញតម្រូវការនៃផលិតផលសូត្រខ្មែរនាពេលនេះ ម្ចាស់អាជីវកម្មសូត្រដែលដំណើរការជាង ១០ឆ្នាំ មកហើយបានឲ្យដឹងថា ចំនួននៃតម្រូវការដែរថា ចាប់តាំងពីការមកដល់ និងក្រោយការរាតត្បាតនៃជំងឺកូវីត១៩ តម្រូវការមានការថយចុះមែនទែន គឺមិនទាន់ត្រលប់មកវិញដូចដើមនោះទេ។

ជាមួយគ្នានេះ អ្នកស្រី ម៉ន សារឿត បានសំណូមពរបែបនេះថា ៖ «ខ្ញុំសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមគាំទ្រផលិតផលខ្មែរព្រោះផលិតផលខ្មែរពិតមានមិនច្រើនទេខ្ញុំដឹងថាផលិតផលខ្មែរមានតម្លៃខ្ពស់បន្តិច ប៉ុន្តែវាពិបាកក្នុងការផលិត ប្រើកម្លាំងចិត្ត ប្រើទឹកចិត្តក្នុងការផលិត អ្វីដែលសំខាន់មុនពេលយើងអាចចេញជាផលិតផលមួយគឺត្រូវចំណាយពេលយូរ អញ្ចឹងហើយខ្ញុំចង់ឲ្យបងប្អូនខ្មែរព្យាយាមយល់ពីផលិតផលខ្មែរ»។

បច្ចុប្បន្ននេះ សិប្បកម្មរបស់អ្នកស្រីច្នៃផលិតផលជាច្រើន ដូចជា ភួយ ខ្នើយ ក្រមា មានទាំងក្រណាត់ដែលយើងអាចយកទៅកាត់ជាខោអាវបាន និងអាចច្នៃទៅជារបស់ប្រើប្រាស់ផ្សេងទៀតដូចជា កាបូបដៃស្ត្រីដែលច្នៃចេញពីសរសៃសូត្រតែម្ត។

គួរជម្រាបថា ក្នុងឱកាសពិធីបើក-បិទនៃព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ អ្នកស្រីបានដាក់ស្តង់ផលិតផលរបស់លោកស្រីផងដែរ ក្នុងគោលបំណងផ្សព្វផ្សាយបន្ថែមពីផលិតផលខ្មែរ និងទាញចំណូលខ្លះពីព្រឹត្តិការណ៍មួយនេះ៕ ដោយ៖ ស្រ៊ុន សិរីវឌ្ឍនៈ

ads banner