បិទបញ្ចប់ការចុះបញ្ជី៖ ​មានគណបក្សចំនួន២០ បានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧

ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី២៤ ខែ មេសា ដល់ត្រឹមម៉ោង ៥:៣០នាទីល្ងាច ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ គឺមានគណបក្សចំនួន២០ បានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣។ ក្នុងចំណោមគណបក្សនយោបាយទាំង២០ គឺមានគណបក្សចំនួន១១ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលស្គាល់ជាផ្លូវការ និងគណបក្សចំនួន៩ទៀត គ.ជ.ប កំពុងពិនិត្យ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ថ្លែងប្រាប់ AMS នៅល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។

នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣នេះ គឺជាថ្ងៃបិទបញ្ចប់ នៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ឱ្យដឹងថា ការបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី២៤ ខែ មេសា ដល់ត្រឹមម៉ោង ៥:៣០នាទីល្ងាច ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ គឺមានគណបក្សនយោបាយចំនួន២០ បានមកស្នើសុំចុះបញ្ជី។ ក្នុងនោះមានគណបក្សចំនួន១១ ដែលត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការមានដូចជា៖
១.គណបក្សប្រជាជនកម្ពុជា
២.គណបក្សយុវជនកម្ពុជា
៣.គណបក្សខ្មែររួបរួមជាតិ
៤.គណបក្សធម្មាធិបតេយ្យ
៥.គណបក្សកម្លាំងប្រជាធិបតេយ្យ
៦.គណបក្សសញ្ជាតិកម្ពុជា
៧.គណបក្សខ្មែរតែមួយ
៨.គណបក្សខ្មែរអភិរក្ស
៩.គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
១០.គណបក្សបំណងពលរដ្ឋ
១១.គណបក្សហ៊្វុនស៊ិនប៉ិច

ឯកឧត្តមបានបន្តថា ចំណែកគណបក្សនយោបាយចំនួន៩ ដែល គ.ជ.ប កំពុងពិនិត្យមានដូចជា៖
១.គណបក្សឯកភាពជាតិខ្មែរ
២.គណបក្សស្ត្រីដើម្បីស្ត្រី
៣.គណបក្សខ្មែរឈប់ក្រ
៤.គណបក្សភ្លើងទៀន
៥.គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
៦.គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
៧.គណបក្សជនជាតិដើមប្រជាធិបតេយ្យ
៨.គណបក្សមហាសាមគ្គីជាតិខ្មែរ
៩.គណបក្សកសិករ

សូមជម្រាបថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣៕
ដោយ៖ពលជ័យ

ads banner