ថ្នាក់ដឹកនាំរបស់គណបក្សប្រឆាំងចំនួន៤រូប នៅខេត្តបាត់ដំបង-ព្រះសីហនុ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សបប្រជាជនកម្ពុជា

ភ្នំពេញ៖ ថ្នាក់ដឹកនាំរបស់គណបក្សប្រឆាំងចំនួន៤រូប នៅខេត្តបាត់ដំបង និងខេត្តព្រះសីហនុ បានប្រកាសចាកចេញពីគណបក្សភ្លើងទៀន និងស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសស្វាគមន៍។

តាមរយៈបណ្តាញសង្គមតេឡេក្រាម នៅល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ដំបូងខ្ញុំស្វាគមន៍ លោក ម៉ៃ ហុងស្រៀង និងលោកអ៊ុ សោភ័ណ មកពីខេត្តព្រះសីហនុ។ លោក ឌឹម សារឿន និងលោក ឡី សុខុន មកខេត្តបាត់ដំបង ដែលលោកទាំង៤នាក់សុទ្ធ តែជាថ្នាក់ដឹកនាំបក្សប្រឆាំង នៅក្នុងខេត្តព្រះសីហនុ និងខេត្តបាត់ដំបង ដែលពេលនេះសុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន»។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណផងដែរ ដែលអ្នកនយោបាយទាំង៤រូបនេះ បានផ្តល់យុត្តិធម៌ជូនគណបក្សប្រជាជន និងបានវាយតម្លៃភាពអយុត្តិធម៌នៅក្នុងគណបក្សប្រឆាំង ដែលមានក្នុងវីដេអូនេះស្រាប់។

សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានណែនាំដល់គណៈកម្មាធិការបក្សខេត្តបាត់ដំបង និងខេត្តព្រះសីហនុរបស់គណបក្សប្រជាជន រៀបចំបែបបទបញ្ចូលអ្នកទាំង៤នាក់នោះ ស្រមតាមនីតិវិធីរបស់គណបក្សប្រជាជនកម្ពុជា។

សូមជម្រាបថា នាពេលចុងក្រោយនេះ មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង សកម្មជនគាំទ្រ និងក្រុមយុវជន រួមទាំងមន្ត្រីដែលជាប់ក្នុងពន្ធនាគារ ដែលបានចាញ់ឧបាយកលដ៏ខ្មៅកខ្វក់របស់មេដឹកនាំបក្សប្រឆាំង បានធ្វើជាវីដេអូ និងជាលិខិតសុំទោសសម្តេចតេជោ ហ៊ុន សែន និងបានទទួលស្គាល់កំហុសដែលពួកគេបានធ្វើតាមការញុះញង់របស់មេដឹកនាំបក្សប្រឆាំងនាពេលកន្លងមក។ ហើយពួកគេក៏សម្រេចចិត្តសូមចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន អភិវឌ្ឍន៍លើគ្រប់វិស័យ។ ក្រុមមន្ត្រី និងយុវជន បានលាតត្រដាង និងបកអាក្រាតអំពើខ្មៅកខ្វក់របស់គណបក្សប្រឆាំងដែលតែងតែញុះញង់ បញ្ជេះកំហឹងប្រជាពលរដ្ឋឱ្យស្អប់រដ្ឋាភិបាល និងបង្កើតឱ្យមានភាពចលាចលក្នុងសង្គម ក្នុងគោលបំណងបង្កើតបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាល៕
ដោយ៖ពលជ័យ

ads banner