នាយករដ្ឋមន្រ្តីថៃនៅតែព្រួយបារម្ភ ទោះបីជាអង្គការសុខភាពពិភពលោក (WHO) ប្រកាសថា កូវីដ១៩លែងជាភាពអាសន្នសុខាភិបាលសកលក៏ដោយ
បាងកក៖ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Anucha Burapachaisri បាននិយាយថា នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា និងក្រសួងសុខាភិបាលសាធារណៈថៃនៅតែសម្តែងការព្រួយបារម្ភ អំពីការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ បើទោះបីជាថ្មីៗនេះ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសបញ្ចប់ស្ថានភាពអាសន្នសុខភាពសាធារណៈ ចំពោះជំងឺកូវីដ១៩នៅទូទាំងពិភពលោក កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣។

បណ្តាប្រទេសជាច្រើននៅតែជួបប្រទះនឹងការផ្ទុះឡើងនៃជំងឺកូវីដ១៩ ដែលបន្តប៉ះពាល់ដល់ក្រុមមនុស្សដែលងាយរងគ្រោះផ្សេងៗ។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Anucha Burapachaisri បាននិយាយថា ទោះបីជាអង្គការសុខភាពពិភពលោក (WHO) បានប្រកាសថ្មីៗនេះថា ជំងឺកូវីដ១៩លែងជាភាពអាសន្នសុខាភិបាលសកលទៀតក៏ដោយ សាធារណជនទូទៅនៅតែត្រូវបានណែនាំឱ្យរក្សាការប្រុងប្រយ័ត្នខ្ពស់ និងចាក់វ៉ាក់សាំងការពារដូសជំរុញ ដើម្បីរក្សាភាពស៊ាំឱ្យបានល្អប្រឆាំងនឹងការឆ្លងជំងឺកូវីដ១៩។

លោក Anucha បន្ថែមថា ទោះបីជាស្ថានភាពរាតត្បាតនៃជំងឺកូវីដ១៩នៅក្នុងប្រទេសថៃ និងពិភពលោកមានភាពប្រសើរឡើងក៏ដោយ ក៏រដ្ឋាភិបាលមានការប្រុងប្រយ័ត្នចំពោះការផ្ទុះឡើងនៃជំងឺកូវីដ១៩ផ្សេងទៀតនៅពេលណាមួយ ដែលអាចប៉ះពាល់ដល់សាធារណៈជនទូទៅ, ការប្រកបអាជីវកម្ម និងសេដ្ឋកិច្ចរបស់ប្រទេសជាតិម្តងទៀត។
គួរបញ្ជាក់ថា ការលុបបំបាត់ទាំងស្រុងនៃជំងឺកូវីដ១៩ ពីពិភពលោក ឬតំបន់ជាក់លាក់មិនអាចសម្រេចបាននៅពេលនេះទេ ដោយសារជំងឺកូវីដ១៩អាចឆ្លងរវាងសត្វ និងមនុស្ស (ការឆ្លងមេរោគ zoonotic) ដែលធ្វើឱ្យវាពិបាកក្នុងការលុបបំបាត់ការរីករាលដាលនៃមេរោគនៅក្នុងខ្លួនសត្វ និងការឆ្លងរបស់វាទៅមនុស្ស៕

ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា