ការចេញល្បាតរួមគ្នារវាងកងទ័ពហ្វ៊ីលីពីននិងអាមេរិកនៅសមុទ្រចិនខាងត្បូង អាចនឹងចាប់ផ្តើមនៅត្រីមាសទីបីឆ្នាំនេះ
អាមេរិក៖ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ឯកអគ្គរដ្ឋទូតហ្វ៊ីលីពីនប្រចាំនៅសហរដ្ឋអាមេរិក លោក ចូស ម៉ានូអែល រ៉ូមូអាលដេហ្ស (Jose Manuel Romualdez) បានថ្លែងប្រាប់ឱ្យដឹងថា ការចេញល្បាតរួមគ្នារវាងកងទ័ពហ្វ៊ីលីពីន និងសហរដ្ឋអាមេរិក នៅតំបន់សមុទ្រចិនខាងត្បូង អាចនឹងចាប់ផ្តើមនៅចុងឆ្នាំ២០២៣នេះ។
ការថ្លែងបែបនេះបានធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ពីការប្តេជ្ញាការពារទីក្រុងម៉ានីលពីការវាយប្រហារពីសំណាក់សត្រូវនៅក្នុងតំបន់សមុទ្រចិនខាងត្បូង។
ឯកអគ្គរដ្ឋទូតហ្វ៊ីលីពីនរូបនេះបានមានប្រសាសន៍ថា ៖ «ចាប់តាំងពីខែកុម្ភៈ ការពិភាក្សារវាងភាគីទាំងពីរកំពុងផ្ដោតទៅលើការចេញល្បាតនៅតាមដែនសមុទ្ររួមគ្នា»។ លោកបានឆ្លើយប្រាប់សារព័ត៌មាន CNN ប្រចាំនៅប្រទេសហ្វ៊ីលីពីនថា «បើតាមការគិតរបស់ខ្ញុំ ផែនការចេញល្បាតនេះនឹងមិនពន្យារពេលឱ្យលើសពីត្រីមាសទី៣ នៃឆ្នាំ២០២៣ នេះទេ»។
កាលពីខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក ហ្វ្លយ អូស្ទីន (Lloyd Austin) បានប្រកាសថា លោកជាមួយនឹងសមភាគីហ្វ៊ីលីពីន លោក កាលីតូ ហ្កាលវែស (Carlito Galvez) បានយល់ព្រមលើផែនការចាប់ផ្តើមចេញល្បាតដែនសមុទ្ររួមគ្នាឡើងវិញនៅសមុទ្រចិនខាងត្បូង។ កន្លងមក ផែនការចេញល្បាតរួមគ្នារវាងភាគីទាំងពីរនេះត្រូវបានផ្អាក និងលុបចោលដោយអតីតប្រធានាធិបតីហ្វ៊ីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទ័រតេ (Rodrigo Duterte) ពោលគឺចាប់តាំងពីលោកចូលកាន់តំណែងនៅឆ្នាំ២០១៦។ ការណ៍នេះក៏ដោយសារតែ លោក ឌូទ័រតេ តែងតែបង្កើនទំនាក់ទំនងជិតស្និតជាមួយប្រទេសចិន។
ដោយឡែក កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វ៊ីលីពីន លោក ហ្កាលវែស បានប្រាប់អ្នកសារព័ត៌មានថា រហូតមកទល់ពេលនេះ គេមិនទាន់ឃើញមានការពិភាក្សាជាផ្លូវការណាមួយ ស្តីអំពីការចេញល្បាតរួមគ្នារវាងសហរដ្ឋអាមេរិក និងអូស្ត្រាលីនៅឡើយទេ។
គួរកត់សម្គាល់ថា ទំនាក់ទំនងរវាងហ្វ៊ីលីពីន និងសហរដ្ឋអាមេរិក កំពុងត្រូវបានធ្វើឱ្យប្រសើរឡើងវិញ បន្ទាប់ពីប្រធានាធិបតីថ្មីបានឡើងកាន់ដំណែងជំនួសលោក ឌូទ័រតេ គឺលោក ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Marcos Jr)។ កាលពីសប្តាហ៍មុន លោក ម៉ាកូស បានចូលជួបជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) ក្នុងដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃទៅកាន់ទីក្រុងវ៉ាស៊ីនតោន។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនោះ មន្ទីរបញ្ចកោណអាមេរិកក៏បានដាក់ចេញគោលការណ៍ណែនាំស្ដីពីសន្តិសុខ ដែលវាគឺជាគោលការណ៍បន្ថែមមួយផ្សេងទៀត ដើម្បីពង្រីកវិសាលភាពនៃសន្ធិសញ្ញាការពារជាតិអាមេរិក ដែលបានប្តេជ្ញាចិត្តជួយការពារហ្វ៊ីលីពីនពីការវាយប្រហារណាមួយដែលអាចនឹងកើតមានឡើងនៅសមុទ្រចិនខាងត្បូង រួមទាំងឆ្មាំឆ្នេរសមុទ្ររបស់ខ្លួនផងដែរ។
កាលពីថ្ងៃចន្ទ នៅពេលដែលមានការសាកសួរអំពីពេលវេលាជាក់លាក់នៃផែនការចេញល្បាតរួមគ្នា អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅទីក្រុងម៉ានីល លោក កានីសកា ហ្កាហ្គោផាដយ៉ាយ (Kanishka Gangopadhyay) បានឆ្លើយតបថា «ការជជែកពិភាក្សារបស់យើងស្តីពីសកម្មភាពនៅដែនសមុទ្រជាមួយនឹងហ្វ៊ីលីពីនកំពុងបន្តទៅមុខមិនទាន់ចប់នៅឡើយទេ ហើយអ្នករៀបចំផែនការយោធារបស់យើង ក៏កំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ទៅលើបញ្ហាមួយចំនួន ដូចជាការរៀបចំសម្ភារបច្ចេកទេសផ្សេងៗ»។
លោក រ៉ូមូអាលដេហ្ស បានរំលេចថា ប្រទេសអូស្ត្រាលីក៏អាចនឹងចូលរួមក្នុងសកម្មភាពចេញល្បាតដែនសមុទ្រជាមួយគ្នាផងដែរ។ គួរដឹងដែរថា ប្រទេសចិនបានទាមទារយកតំបន់ភាគច្រើននៃសមុទ្រចិនខាងត្បូងមកដាក់ក្រោមអធិបតេយ្យភាពរបស់ខ្លួន ដោយសារតែតំបន់នេះគឺជាផ្លូវពាណិជ្ជកម្មពិភពលោកដ៏សំខាន់មួយ។
ជារៀងរាល់ឆ្នាំ តម្លៃនៃការដឹកជញ្ជូនទំនិញឆ្លងកាត់តំបន់នេះស្នើនឹងប្រមាណ ៣ ទ្រីលានដុល្លារអាមេរិកឯណោះ។ ដោយឡែក ប្រទេសដែលស្ថិតនៅជុំវិញតំបន់នេះ ក៏បានទាមទារសិទ្ធិអធិបតេយ្យភាពរៀងៗខ្លួនដូចគ្នា ក្នុងនោះរួមមានប្រទេសវៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ ហ្វ៊ីលីពីន និងតៃវ៉ាន់ជាដើម៕
ប្រែសម្រួល៖ធា សុណា ប្រភព៖ https://www.channelnewsasia.com/asia/joint-philippines-us-patrols-south-china-sea-may-begin-third-quarter-envoy-3472716