កម្ពុជា ប្តេជ្ញាចូលរួមជាមួយសហគមន៍អន្តរជាតិលើកិច្ចគាំពារបរិស្ថាន និងការពារសុខភាពសាធារណៈ
ភ្នំពេញ៖ នាកិច្ចប្រជុំសន្និសីទភាគីលើកទី១៦នៃអនុសញ្ញាបាស៊ែល រ៉ូតាថឺដាម និងស្តុកខូម ដែលរៀបចំឡើងនៅទីក្រុងហ្សឺណែវប្រទេសស្វីស ក្រសួងបរិស្ថានកម្ពុជា បានបង្ហាញការប្តេជ្ញាចិត្តថា នឹងចូលរួមជាមួយសហគមន៏អន្តរជាតិលើការងារកិច្ចគាំពារបរិស្ថាន និងការពារសុខភាពសាធារណៈឱ្យកាន់តែខ្លាំងថែមទៀត។
ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលបានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំសនិ្នសីទចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១២ខែឧសភា បានឱ្យដឹងថា គោលបំណងសំខាន់នៃកិច្ចប្រជុំសន្និសីទភាគីលើកទី១៦ នៃអនុសញ្ញាបាស៊ែល រ៉ូតាថឺដាម និងស្តុកខូម គឺធ្វើឡើងដើម្បីពិនិត្យលើការវឌ្ឍនភាពនិងបញ្ហាប្រឈមក្នុងការអនុវត្តអនុសញ្ញាទាំងបី(អនុសញ្ញាបាស៊ែល រ៉ូតាថឺដាម និងស្តុកខូម) ដើម្បីស្វែងរកដំណោះស្រាយសំដៅជួយដល់ប្រទេសជាភាគី។

តាមរយៈក្រសួងបរិស្ថានកាលពីថ្ងៃទី៨ ខែឧសភាឯកឧត្តមបានបញ្ជាក់ដែរថា កិច្ចប្រជុំសន្និសីទនេះ ក៏បានពិភាក្សា និងសម្រេចលើសេចក្តីសម្រេច និងសំណើកែសម្រួលមាត្រាមួយចំនួនដែលបានរៀបចំដោយក្រុមការងារបច្ចេកទេស និងបានស្នើឡើងដោយប្រទេសជាភាគី ដើម្បីលើកកម្ពស់ប្រសិទ្ធិភាពក្នុងការអនុវត្តអនុសញ្ញាសំដៅសឆ្លើយតបទៅនឹងគោលដៅដែលបានកំណត់និងពិនិត្យ និងពិភាក្សាលើការរៀបចំផែនការសកម្មភាព និងថវិកាសម្រាប់ឆ្នាំ ២០២៤ និង ឆ្នាំ២០២៧។
ឆ្លៀតឱកាសនោះដែរ ឯកឧត្តម សាបូ អូហ្សាណូ បានឱ្យដឹងទៀតថា តាមរយៈកិច្ចប្រជុំនោះ គណៈប្រតិភូកម្ពុជា បានជួបពិភាក្សាការងារជាមួយ អគ្គលេខាធិកានៃអនុសញ្ញាបាស៊ែល អនុសញ្ញារ៉ូថឺដាម និងអនុសញ្ញាស្តុកខូម(BRS)ដោយក្នុងនោះឯកឧត្តមបានលើកឡើងពីគោលជំហរ និងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមជាមួយសហគមន៏អន្តរជាតិលើការងារកិច្ចគាំពារបរិស្ថាន និងការពារសុខភាពសាធារណះផងដែរ។
ឯកឧត្តមបានលើកឡើងថា ៖ «ការប្តេជ្ញាចិត្តនេះ គឺយើងធ្វើឡើងតាមរយៈការផ្តល់សច្ចាប័នចូលជាភាគី និងបំពេញកាតព្វកិច្ចដែលបានកំណត់នៅក្នុងកិច្ចព្រមព្រៀងពហុភាគីវិស័យបរិស្ថាន រួមមានការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ពន្ធ័ ការពង្រឹងសមត្ថភាពមន្រ្តី និងការរៀបចំកម្មវិធីផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងសាធារណៈពាក់ពន្ធ័នឹងសារធាតុសំណល់គ្រោះថ្នាក់ជាដើម»។

ក្រៅពីបង្ហាញពីការប្តេជ្ញាចិត្ត មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន ក៏បានស្នើដល់អគ្គលេខាធិកានៃអនុសញ្ញាបាស៊ែល អនុសញ្ញារ៉ូថឺដាម និងអនុសញ្ញាស្តុកខូម(BRS)ឱ្យបន្តផ្តល់ជំនួយបច្ចេកទេសនិងថវិកាដល់កម្ពុជា ដើម្បីពង្រឹងនិងបង្កើនសមត្ថភាពស្ថាប័នក្នុងការអនុវត្តកាតព្វកិច្ចក្រោមអនុសញ្ញាអន្តរជាតិពាក់ពន្ធ័នឹងការគ្រប់គ្រងសារធាតុ និងសំណល់គ្រោះថ្នាក់ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតផងដែរ។
នាកិច្ចប្រជុំនោះដែរ លោក Rolph Payet អគ្គលេខាធិកានៃអនុសញ្ញាបាស៊ែល អនុសញ្ញារ៉ូថឺដាម និងអនុសញ្ញាស្តុកខូម (BRS) បានថ្លែងអំណរគុណដល់កម្ពុជាដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការបំពេញកាតព្វកិច្ចក្រោមអនុសញ្ញាបាស៊ែល រ៉ូថឺដាម និងស្តុកខូមតាមរយៈការផ្តល់របាយការណ៍ និងការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ពន្ធ័នឹងការគ្រប់គ្រងសារធាតុនិងសំណល់គ្រោះថ្នាក់។
ជាមួយគ្នានេះ លោក Rolph Payet អះអាងថា នឹងទទួលយកសំណើររបស់កម្ពុជាលើការលើកកម្ពស់សមត្ថភាពស្ថាប័នក្នុងការអនុវត្តអនុសញ្ញាបាស៊ែល អនុសញ្ញារ៉ូថឺដាម និងអនុសញ្ញាស្តុកខូម (BRS)ថែមទៀត។
គួរបញ្ជាក់ដែរថា កិច្ចប្រជុំសន្និសីទភាគីលើកទី១៦ នៃអនុសញ្ញាបាស៊ែល រ៉ូតាថឺដាម និងស្តុកខូមនេះ បានរៀបចំក្រោមប្រធានបទក្រោមប្រធានបទ «ការពន្លឿនគោលដៅគ្រប់គ្រងសារធាតុគីមី និងសំណល់ប្រកបដោយសុវត្ថិភាពបរិស្ថាន»ដែលមានអ្នកចូលរួមចំនួន ១ ៤០០នាក់ តំណាងឱ្យប្រទេសជាភាគីចំនួន១៨២ និងអង្គការអន្តរជាតិជាអ្នកអង្កេតការណ៍។

តាមរយៈកិច្ចប្រជុំសន្និសីទនេះដែរ អ្នកចូលរួមដែលតំណាងឱ្យប្រទេសចំនួន១៨២ ក៏បានពិភាក្សាដោយផ្តោតទៅលើកិច្ចប្រជុំសំខាន់មួយចំនួនទៀត ក្នុងនោះរួមមាន៖ កិច្ចប្រជុំស្តីពីការត្រួតពិនិត្យចលនាដឹកជញ្ជូន និងការបោះបង់ចោលសំណល់គ្រោះថ្នាក់ឆ្លងដែន(BC COP16)។
កិច្ចប្រជុំសន្និសីទភាគីលើកទី១១នៃអនុសញ្ញារ៉ូថឺដាម ស្តីពីនីតិវិធីនៃការយល់ព្រមផ្តល់ព័ត៌មានជាមុនចំពោះសារធាតុគីមី និងថ្នាំកសិកម្មគ្រោះថ្នាក់ក្នុងពាណិជ្ជកម្មអន្តរជាតិ(RC COP11)និងកិច្ចប្រជុំសន្និសីទភាគីលើកទី១១ នៃអនុសញ្ញាស្ដុកខូមស្តីពីសារធាតុបំពុលសរីរាង្គមិនងាយបំបែកធាតុ (SC COP11)ជាដើម៕ ដោយ៖សែម ពិសី