គជប ប្រាប់គណបក្សភ្លើងទៀនថា រ៉ុង ឈុន មិនទាន់មាននីតិសម្បទាគ្រប់គ្រាន់ ក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោតឡើយ (Video Inside)
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រាប់គណបក្សភ្លើងទៀន ត្រូវផ្លាស់ប្តូរឈ្មោះ រ៉ុង ឈុន ដែលឈរជាបេក្ខជនឈរបោះឆ្នោតលេខរៀងទី១ សម្រាប់មណ្ឌលខេត្តកណ្តាល ដោយសារតែករណី រ៉ុង ឈុន នោះ មិនទាន់មាននីតិសម្បទាគ្រប់គ្រាន់តាមផ្លូវតុលាការឡើយ។
លោក រ៉ុង ឈុន កំពុងស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ និងស្ថិតក្នុងការព្យួរសាកល្បងទោស ដែលមិនទាន់បានបញ្ចប់នៅឡើយទេ។ លោកត្រូវតុលាការបានផ្តន្ទាទោសនូវបទ «ញុះញង់ បង្កឲ្យមានភាពវឹកវរ ដល់សន្តិសុខសង្គម»។
តុលាការកំពូលបានរក្សាតម្កល់សាលដីកាព្រហ្មទណ្ឌលេខ១១០ ដែលកំណត់ផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់រយៈពេល១ឆ្នាំ ៣ខែ ១១ថ្ងៃ។ លោកត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ក្រោមរូបភាពព្យូរសាកល្បងដោយកំណត់រយៈពេល ៣ឆ្នាំ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងសេចក្តីជូនដំណឹងថ្ងៃទី៩ ឧសភា ឆ្នាំ២០២៣ បានសរសេរថាលោក «រ៉ុង ឈុន កើតថ្ងៃទី១៥ កក្កដា ឆ្នាំ១៩៦៩ ត្រូវបានតុលាការផ្តន្ទាទោសពីបទមជ្ឈិម ហើយដែលមិនទាន់មាននីតិសម្បទាសាឡើងវិញឡើយ»។
សេចក្តីជូនដំណឹងដដែលបានបន្តថា «ដូចនេះ គណបក្សភ្លើងទៀន ត្រូវប្តូរបេក្ខជនថ្មីបន្ថែមជំនួសត្រង់ បេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តកណ្តាល»។
យោងតាមតុលាការ ក្នុងពេលដែលលោក រ៉ុង ឈុន កំពុងស្ថិតក្នុងការសាកល្បងព្យួរទោសនេះ លោកនឹងតម្រូវអនុវត្តលើចំណុច៥ ដែលតុលាការបានតម្រូវ ក្នុងនោះទី១ ដែលចែងថាទណ្ឌិត ត្រូវតែគោរពតាមដីកាកោះរបស់ព្រះរាជអាជ្ញា ឬរបស់បុគ្គលដែលព្រះរាជអាជ្ញាបានប្រគល់អំណាចឲ្យ, ទី២ ទណ្ឌិតត្រូវមកទទួលនូវការមកពិនិត្យមើលរបស់បុគ្គល ដែលព្រះរាជអាជ្ញា បានប្រគល់អំណាចឲ្យ, ទី៣ទណ្ឌិតត្រូវប្រគល់ដល់ព្រះរាជអាជ្ញា ឬដល់បុគ្គលដែលព្រះរាជអាជ្ញាបានប្រគល់អំណាចឲ្យនូវគ្រប់ឯកសារ សម្រាប់ធ្វើការផ្ទៀតផ្ទាត់លើការបញ្ចូលឲ្យទៅរស់ នៅក្នុងសង្គមវិញ, ទី៤ ទណ្ឌិតត្រូវជូនដំណឹងដល់ព្រះរាជអាជ្ញាអំពីការផ្លាស់ប្ដូរអាសយដ្ឋាន និងមុខរបររបស់ខ្លួន និងទី៥ទណ្ឌិតត្រូវតែអនុញ្ញាតពីព្រះរាជអាជ្ញាមុនពេលធ្វើដំណើរទៅបរទេស។