នាយឧត្តមសេនីយ៍ គន់ គីម សំណូមពរដល់អតីតយុទ្ធជនទាំងអស់ ត្រៀមខ្លួនទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខឱ្យបានគ្រប់ៗគ្នា

កំពង់ធំ៖ ក្នុងពិធីប្រគល់គ្រឿងឥស្សរិយយសការពារជាតិចំនួន៣.៤៤៧ គ្រឿង សម្រាប់បំពាក់ជូនដល់អតីតយុទ្ធជននៅទូទាំងខេត្តកំពង់ធំ នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងកោតសរសើរចំពោះឯកឧត្តម អភិបាលខេត្ត និងប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត ក្នុងការដឹកនាំ នឹងធ្វើសកម្មភាពបម្រើបងប្អូនអតីតយុទ្ធជនបានយ៉ាងល្អប្រសើរ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ក៏បានសំណូមពរដល់បងប្អូនអតីតយុទ្ធជនទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព និងត្រៀមខ្លួនទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឡើងធ្វើរបាយការណ៍អំពីសកម្មភាព និងលទ្ធផលធំៗមួយចំនួន ដែលគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សម្រេចបាននារយៈពេលកន្លងមក មានជាអាទិ៍ ការសាងសង់ផ្ទះអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតជូនអតីតយុទ្ធជន, ការបើកប្រាក់បេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជន, បានចុះសំណេះសំណាលសួរសុខទុក្ខអតីតយុទ្ធជននៅតាមមូលដ្ឋាន និងបានធ្វើបច្ចុប្បន្នភាពក្រុមគ្រួសារសាច់ញាតិបងប្អូនអតីតយុទ្ធជន ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០២២ មានចំនួនសរុប២៣.១៨៨នាក់។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានលើកឡើងអំពីការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ បានរួមគ្នាជាមួយនឹងអាជ្ញាធរដែនដីនៅគ្រប់លំដាប់ថ្នាក់ បានយកចិត្តទុកដាក់បម្រើ និងដោះស្រាយការលំបាកជូនបងប្អូនអតីតយុទ្ធជននៅខេត្តកំពង់ធំ បានយ៉ាងល្អប្រសើរ និងបានរៀបចំបង្កើតឲ្យមានការចងសម្ព័ន្ធមេត្រីភាព រវាងបណ្ដាមន្ទីរ ស្ថាប័នអង្គភាព រដ្ឋបាលក្រុង-ស្រុក ជាមួយបងប្អូនក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចចំនួន១៤១គ្រួសារផងដែរ ៕ ដោយ ប៊ុន រដ្ឋា

ads banner