ការលក់រថយន្តរបស់ Volkswagen ធ្លាក់ចុះនៅក្នុងទីផ្សារប្រទេសចិន ប៉ុន្តែប្តេជ្ញាបង្កើនសន្ទុះឡើងវិញក្នុងឆ្នាំនេះ

ប៊ែរឡាំង៖ ប្រាក់ចំណេញរបស់ក្រុមហ៊ុនផលិតរថយន្ត Volkswagen របស់ប្រទេសអាល្លឺម៉ង់ បានធ្លាក់ចុះ៣០ភាគរយក្នុងរយៈពេល៣ខែដំបូងឆ្នាំ២០២៣នេះ បើទោះបីជាអាជីវកម្មរបស់ខ្លួនកំពុងរីកចម្រើននៅអឺរ៉ុប និងអាមេរិកខាងជើង ដោយសារតែការលក់ធ្លាក់ចុះនៅក្នុងទីផ្សារប្រទេសចិន។

ក្រុមហ៊ុនផលិតផលរថយន្តមានមូលដ្ឋាននៅទីក្រុង Wolfsburg នេះ បានបញ្ជាក់ថា ប្រាក់ចំណេញក្រោយបង់ពន្ធបានធ្លាក់ចុះពី៦.៧ពាន់លានអឺរ៉ូ មកនៅត្រឹម៤.៧ពាន់លានអឺរ៉ូ ឬប្រមាណ៥.២ពាន់លានដុល្លារ បើធៀបនឹងត្រីមាសដំបូងកាលពីឆ្នាំមុន ខណៈដែលចំនួនរថយន្តដែលបានលក់មានចំនួន២.០៤លានគ្រឿង កើនឡើង៧.៥ភាគរយ។

ទន្ទឹមគ្នា ប្រាក់ចំណូលរបស់ក្រុមហ៊ុន Volkswagen មានចំនួន៧៦.២ពាន់លានអឺរ៉ូ កើនឡើង២១.៥ភាគរយ ដោយសារក្រុមហ៊ុនអាល្លឺម៉ង់នេះ មើលឃើញពីកំណើនតម្រូវការខ្ពស់ និងការកើនឡើងតម្លៃ។

ទោះជាយ៉ាងណា ក្រុមហ៊ុន Volkswagen បានលក់រថយន្តតិចជាង១៤.៥ភាគរយនៅក្នុងប្រទេសចិន ដែលជាទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក ជាទីដែលដៃគូប្រកួតប្រជែងដូចជាក្រុមហ៊ុន BYD កំពុងប្រឹងប្រែងអភិវឌ្ឍរថយន្តអគ្គិសនី និងរថយន្តកូនកាត់ថ្មី (រថយន្តប្រើសាំង និងអាគុយ) ក្នុងតម្លៃប្រកួតប្រជែង ក៏ដូចជាបង្កើនការប្រកួតប្រជែងជាមួយម៉ាករថយន្តបរទេសដទៃទៀតដូចជា Tesla ជាដើម។

សម្រាប់ផែនការនាពេលអនាគត ក្រុមហ៊ុន Volkswagen គ្រោងនឹងបោះទុនវិនិយោគ១ពាន់លានអឺរ៉ូនៅក្នុងរោងចក្រថ្មី សម្រាប់ការច្នៃប្រឌិតរថយន្តអគ្គិសនីដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Hefei ប្រទេសចិន៕ ប្រភព៖ AP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner