សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភ ១មុឺនដុល្លារ ដល់កីឡាការនីកម្ពុជា ប៊ូ សំណាង ដើម្បីលើកទឹកចិត្ត ក្រោយរត់ក្រោមដំណក់ទឹកភ្លៀងរហូតដល់ទីបញ្ចប់
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភ ១មុឺនដុល្លារ ដល់កីឡាការនីកម្ពុជា ប៊ូ សំណាង ដើម្បីលើកទឹកចិត្ត ក្រោយរត់ក្រោមដំណក់ទឹកភ្លៀងរហូតដល់ទីបញ្ចប់ ។
តាមរយៈបណ្ដាញសង្គមនៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់ដូច្នេះថា៖ បើទោះជាខ្ញុំកំពុងប្រជុំកំពូលអាស៊ាន នៅឥណ្ឌូនេសុី តែខ្ញុំក៍នៅបន្តតាមដានការប្រកួតកីឡាសុីហ្គេមលើកទី៣២ នៅកម្ពុជាយើងបានដែរ។
សម្ដេចបន្តថា រឿងដែលគួរឲ្យចាប់អារម្មណ៍គឺកីឡាការិនី ប៊ូ សំណាង រត់ក្រោមដំណក់ទឹកភ្លៀងរហូតដល់ទីបញ្ចប់ ទោះបីជាខ្លួន មិនជាប់ចំណាត់ថ្នាក់ក៍ដោយ។

សម្ដេចតេជោ បញ្ជាក់ថា ដើម្បីលើកទឹកចិត្តសម្រាប់ការអត់ធ្មត់ ខ្ញុំនិងភរិយា សូមជួយឧបត្ថម្ភ ១មុឺនដុល្លារ ។ សូម លោក សេង ទៀង យកថវិកា ជូនកូនស្រី ប៊ូ សំណាង ដោយផ្ទាល់ដៃ ។
សូមរំលឹកថា កីឡាការនីកម្ពុជា ប៊ូ សំណាង បានយកឈ្នះបេះដូងទាំងពលរដ្ឋខ្មែរ និងជាតិសាសន៍ផ្សេងទៀត ដោយការតាំងចិត្តជាកំពូលរបស់អត្តពលិកកម្ពុជាមួយរូប តស៊ូរត់ក្រោមភ្លៀងកំពុងតែធ្លាក់ខ្លាំង និងបានរត់រហូតដល់ទីបញ្ចប់ បើទោះជាមិនបានឈ្នះមេដាយ នៅក្នុងវិញ្ញាសារត់ចម្ងាយ ៥០០០ម៉ែត្រ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា កាលពីថ្ងៃទី០៨ ឧសភា ឆ្នាំ២០២៣។

ប្រជាជនខ្មែរជាច្រើន រួមទាំងសារព័ត៌មានបរទេស បានចាប់អារម្មណ៍ និងបានកោតសរសើរ ចំពោះការតស៊ូរបស់កញ្ញា ប៊ូ សំណាង ក្នុងវិញ្ញាសាររត់ចម្ងាយ ៥គីឡូម៉ែត្រនេះ ។ ក្រោមដំណក់ទឹកភ្លៀងរាប់ពាន់ រាប់ម៉ឺនដំណក់ កញ្ញា ប៊ូ សំណាង បានរត់តែម្នាក់ឯងយ៉ាងកណ្តោចកណ្តែង រហូតដល់ទីបញ្ចប់ដែលមានចម្ងាយ ៥គីឡូម៉ែត្រ។
ក្នុងចំណោមប្រជាជនកម្ពុជាទាំងមូល ក៏មានបុគ្គលល្បីៗជាច្រើន បានចែករំលែករូបភាពរបស់កីឡាការិនីរត់ក្រោមទឹកភ្លៀងលាយឡំជាមួយនឹងទឹកភ្នែក ដែលមើលទៅពិតជារំជួលចិត្ត និងឆក់យកបេះដូងមនុស្សជាច្រើន ៕

ដោយ វណ្ណលុក