គ្រោះទឹកជំនន់ដ៏អាក្រក់នៅវៀតណាម ឆក់យកអាយុជីវិតមនុស្សកើនជិត៣០នាក់ និង៦នាក់ទៀតបន្តបាត់ខ្លួន
វៀតណាម៖ គ្រោះមហន្តរាយទឹកជំនន់ និងរអិលបាក់ដីនៅតំបន់ខ្ពង់រាបភាគកណ្តាលប្រទេសវៀតណាម គិតត្រឹមយប់ថ្ងៃចន្ទដើមសប្តាហ៍នេះ បានបន្តឆក់យកអាយុជីវិតមនុស្សកើនដល់២៤នាក់ហើយ និង៦នាក់ទៀតនៅតែបន្តបាត់ខ្លួន នេះបើតាមសេចក្តីរាយការណ៍របស់អាជ្ញាធរវៀតណាម។
បើតាមអាជ្ញាធរវៀតណាម គ្រោះទឹកជំនន់ និងខ្យល់ព្យុះ ព្រមទាំងគ្រោះរអិលបាក់ដី បានបណ្តាលឲ្យមនុស្ស១៨១នាក់បាត់បង់ជីវិត និង៣៧នាក់ផ្សេងទៀតបាត់ខ្លួន ហើយថែមទាំងបង្កការខាតបង់សេដ្ឋកិច្ចគិតជាទឹកប្រាក់ស្មើនឹង៨៥៨លានដុល្លារកាលពីឆ្នាំ២០១៨កន្លងទៅនេះ នៅក្នុងប្រទេសវៀតណាម។
ដោយឡែកចាប់តាំងពីដើមខែសីហា ឆ្នាំ២០១៩នេះ ព្យុះភ្លៀងបានបោកបក់មកលើតំបន់ខ្ពង់រាបនៃនានា ស្ថិតនៅភាគកណ្តាលប្រទេសវៀតណាម ដោយបានបង្កជាគ្រោះរអិលបាក់ដី និងទឹកជំនន់ផងដែរ។ រីឯនៅភាគខាងត្បូងវិញ ផ្ទះសម្បែងប្រជាជនប្រមាណ៣ពាន់៩០០ខ្នង បានទទួលរងការបំផ្លិចបំផ្លាញ ផ្លូវថ្នល់ជាង៣០គីឡូម៉ែត្រត្រូវខូចខាត និងផ្ទៃដីដំណាំជាង២ម៉ឺន២ពាន់ហិកតាត្រូវទឹកលិចអស់៕ធ.ដ



