គ.ជ.ប ណែនាំឱ្យមានកិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោត

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯកឧត្តម ប្រាជ្ញ ចន្ទ បានចេញសេចក្តីណែនាំឱ្យមានកិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈសម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា។

យោងតាមលិខិតណែនាំដែលចុះហត្ថលេខាដោយឯកឧត្តម ប្រាជ្ញ ចន្ទ នៅថ្ងៃទី១០ ខែឧសភា បានធ្វើការណែនាំដល់លេខាធិការដ្ឋានសន្តិសុខបោះឆ្នោតនៃ គ.ជ.ប, គណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត (គធ.ខប) និងគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ឱ្យសហការ និងពិគ្រោះយោបល់ពីការសហការការងារគ្នានេះ។

ឯកឧត្តម ប្រាជ្ញា ចន្ទ បានលើកឡើងថា ៖ «គធ.ខប និងគឃ.សប នីមួយៗត្រូវពង្រឹងកិច្ចសហការឱ្យបានជាប់ជាប្រចាំជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ពិសេសកម្លាំង ការពារក្នុងពេលឃោសនាបោះឆ្នោត ការពារទីស្នាក់ការ គឃ.សប ការពារការិយាល័យបោះឆ្នោត និង ការិយាល័យរាប់សន្លឹកឆ្នោត»។

គធ.ខប និងគឃ.សប នីមួយៗ ត្រូវយកចិត្តទុកដាក់តាមដាន និងបង្កើនការផ្លាស់ប្តូរព័ត៌មានពីសភាពការណ៍សន្តិសុខទូទៅ និងត្រូវស្នើសុំកិច្ចអន្តរាគមន៍ពីកម្លាំងមានសមត្ថកិច្ច ក្រុមពន្លត់អគ្គិភ័យ ឬក្រុមបុគ្គលិកសុខាភិបាលឱ្យបានទាន់ពេលវេលា ក្នុងករណីមានការអុកឡុករំខាន ការគំរាមកំហែង ឬការប្រព្រឹត្ត អំពើល្មើសច្បាប់ផ្សេងៗ ដែលអាចធ្វើឱ្យរាំងស្ទះដល់ដំណើរការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

បើតាមឯកឧត្តម ប្រាជ្ញ ចន្ទ ចាប់ពីពេលនេះ រហូតចប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គធ.ខប នីមួយៗ ត្រូវស្នើសុំកិច្ចសហការពីគណៈអភិបាលរាជធានី ខេត្ត ដែលជាគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ដើម្បីរៀបចំកិច្ចប្រជុំចម្រុះដោយផ្ទាល់ ឬតាមប្រព័ន្ធអនឡាញ (Online) ម្តងក្នុងមួយសប្ដាហ៍ ឬអាចកោះប្រជុំតាមការចាំបាច់ណាមួយផងដែរ។

ឯកឧត្តម ហង្ស ពុទ្ធា ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានប្រាប់ឱ្យដឹងនៅថ្ងៃទី១០ ខែឧសភា ថា គ.ជ.ប ជាស្ថាប័នអនុវត្តនូវការបោះឆ្នោត ដែលដំណើរការបោះឆ្នោតនេះមានរយៈពេល ៥ ឆ្នាំម្តងជា ទៀងទាត់។

លោកបានបញ្ជាក់ថា ៖ «ត្រង់ចំណុចនេះហើយដែល គ.ជ.ប ត្រូវតែធានានូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនដល់ម្ចាស់ឆ្នោត ខណៈគ.ជ.ប មិនមានកម្លាំងសន្តិសន្តិសុខគ្រប់គ្រាន់នោះទេ ដូច្នេះ បានជាយើងស្នើសុំកិច្ចសហការពីអាជ្ញាធរជំនាញផ្នែកសន្តិសុខគ្រប់ជាន់ថ្នាក់ ដើម្បីធ្វើយ៉ាងណាឱ្យដំណើកាបោះឆ្នោតឱ្យប្រព្រឹត្តិទៅដោយរលូន»។

ចំណែក លោក ហង់ កុង ប្រធានលេខាធិការដ្ឋានគណៈកម្មាការខេត្តស្ទឹងត្រែងរៀបចំការបោះឆ្នោត ក៏បានប្រាប់ដែរថា លោកទទួលបានសេចក្តីណែនាំរបស់គ.ជ.បនេះរួចហើយ ព្រមទាំងត្រៀមជួបប្រជុំជាមួយនឹងរដ្ឋបាលខេត្តស្ទឹងត្រែងនៅថ្ងៃទី១៦ ខែឧសភាខាងមុខនេះដែរ។

លោកថា ការប្រជុំនេះ ដើម្បីពិភាក្សារៀបចំ និងដាក់ចេញនូវផែនការកាពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព សម្រាប់ការបោះឆ្នោតនៅពេលខាងមុខនេះ ឱ្យប្រព្រឹត្តិទៅដោយរលូន និងគ្មានអំពើហឹង្សា។

លោក ហង់ កុង បានថ្លែងថា ជាបទពិសោធន៍នាពេលកន្លងមក លេខាធិការដ្ឋានគណៈកម្មការខេត្តស្ទឹងត្រែង រៀបចំការបោះឆ្នោត បានសហការជាមួយនឹងគណៈបញ្ជាការសន្តិសុខខេត្ត បានយ៉ាងល្អ និងប្រព្រឹត្តិទៅដោយរលូន ព្រមទាំងសម្រេចបានយ៉ាងជោគជ័យក្នុងការបោះឆ្នោតនីមួយៗ ហើយយើងសង្ឃឹមថា កិច្ចសហការនៅពេលខាងមុខនេះ នឹងល្អប្រសើរថែមមួយកម្រិតទៀត៕ ដោយ៖ គឹម យុត្ថារ៉ូ

ads banner