ឯកឧត្តម ឈិន កេតនា បើកកិច្ចប្រជុំ ត្រៀមរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ គម្រប់ព្រះជន្ម ៧០ យាងចូល ៧១ ព្រះវស្សា

ភ្នំពេញ៖ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បើកកិច្ចប្រជុំដើម្បីពិភាក្សាអំពីភារកិច្ចត្រូវត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាគម្រប់ព្រះជន្ម ៧០ យាងចូល ៧១ ព្រះវស្សាដែលប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ អោយស្របតាមព្រះរាជបវេណីដ៏ថ្កើនថ្កាន។ កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នាទីស្នាក់ការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដោយមានការចូលរួមពី តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ ពាក់ព័ន្ធជាច្រើនរូប។

មានប្រសាសន៍លើកឡើងនៅក្នុងអង្គប្រជុំនេះ ឯកឧត្តម ឈិន កេតនា បានលើកឡើងពីភារកិច្ច តួនាទី ទទួលខុសត្រូវ ទៅលើការដាក់តាំង នូវព្រះឆាយាលក្ខណ៍ និងព្រះរាជសកម្មភាពរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានដាក់តាំង នៅតាមទីសាធារណៈ និងមហាវិថីសំខាន់ៗ ព្រមទាំងតាមក្រសួង-ស្ថាប័ននានា ជាពិសេសនៅមុខព្រះបរមរាជវាំង ដើម្បីអបអរព្រះរាជពិធីចម្រើនព្រះជន្មរបស់ព្រះអង្គ គម្រប់ ៦៧ យាងចូល ៦៨ ព្រះវស្សា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នេះ។

បន្ទាប់ពីបានផ្លាស់ប្ដូរយោបល់គ្នាពីភារកិច្ចចំពោះមុខ និងកិច្ចការចម្បងៗដែលត្រូវបំពេញក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មខាងលើរួចមក អង្គប្រជុំបានឯកភាពកំណត់កាលបរិច្ឆេទនិងទីតាំងសម្រាប់ប្រារព្ធពិធីព្រមទាំងបែងចែកភារកិច្ចជូនក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីខេត្តដែលពាក់ព័ន្ធ សម្រាប់អនុវត្តឲ្យទទួលបានជោគជ័យបំផុត។

ឯកឧត្តម ឈិន កេតនា ប្រធានអង្គប្រជុំក៏បានសំណូមពរឲ្យ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការរាយការណ៍ជូនថ្នាក់ដឹកនាំឲ្យបានជ្រាប និងអនុវត្តតាមស្មារតីអង្គប្រជុំឲ្យទទួលបានលទ្ធផលល្អប្រសើរបំផុត។

គួររំលឹកផងដែរថា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់ព្រះរាជសម្ភពនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គគឺជាព្រះរាជបុត្រច្បងរបស់សម្ដេចព្រះ នរោត្ដម សីហនុ និងព្រះមាតាព្រះនាម នរោត្ដម មុនីនាថ សីហនុ។ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ទ្រង់ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងឲ្យឡើងសោយរាជ្យនៅ ថ្ងៃទី០៧ ខែ តុលា ឆ្នាំ២០០៤៕

អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner