ឯកឧត្តម ឌិត ទីណា លើកទឹកចិត្តដល់មន្ត្រី ក្រសួងកសិកម្ម ខិតខំបំពេញការងារ ប្រកបដោយភាពស្មោះត្រង់ អស់ពីកម្លាំងកាយចិត្ត និងមិនប្រកាន់ពីតួនាទី

អត្ថបទដោយ៖
ឈឹម សុផល

ភ្នំពេញ ៖ ក្នុងពិធីប្រកាសដំណែងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងប្រធាននាយកដ្ឋានកសិកម្ម នាទីស្តីការក្រសួង កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់មន្ត្រីជាន់ខ្ពស់ទាំងនោះ ត្រូវខិតខំបំពេញការងាររបស់ខ្លួន ប្រកបដោយភាពស្មោះត្រង់ អស់ពីកម្លាំងកាយចិត្ត ដោយមិនប្រកាន់ពីតួនាទី ហើយសហការជាមួយដៃគូពាក់ព័ន្ធ និងអាជ្ញាធរ ដើម្បីលើកកម្ពស់វិស័យកសិកម្មអោយកាន់តែរីកចម្រើន។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ចង់ឃើញមន្ត្រីក្រោមឱវាទ ចុះសិក្សានៅតាមបណ្តាខេត្តនានាអំពីសក្តានុពល និងបញ្ហាប្រឈមនានា ដើម្បីដោះស្រាយបញ្ហាឱ្យមានប្រសិទ្ធិភាព ។

ឯកឧត្តម សាន វណ្ណទី ដែលទើបនឹងកាន់តួនាទីជារដ្ឋលេខាធិការក្រសួងកសិកម្ម និងតំណាងឱ្យមន្ត្រីដែលទើបតែងតាំងថ្មី បានថ្លែងអំណរព្រះគុណដល់ព្រះមហាក្សត្រនរោត្តម សីហមុនី សម្តេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលផ្តល់ទំនុកចិត្ត និងជួយជ្រោមជ្រែងផ្តល់តួនាទីដល់មន្ត្រីក្រោមឱវាទបានបម្រើការងារក្នុងក្រសួងកសិកម្មនេះ។

តំណាងឱ្យមន្ត្រីដែលទើបតែងតាំងថ្មី ប្តេជ្ញាពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទគ្រប់លំដាប់ថ្នាក់ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គភាព និងក្រសួងពាក់ព័ន្ធនានា ដើម្បីធ្វើអោយវិស័យកសិកម្ម កាន់តែរីកចំរើនប្រកបដោយនិរន្តរភាព ហើយគោរពឋានានុក្រមការងារដោយផ្អែកតាមភារកិច្ចដែលបានបែងចែក អនុវត្តការងារតាមអង្គភាពជំនាញនិងប្រកបដោយវិជ្ជាជីវៈ រួមទាំងគោរពគោលការណ៍ លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ និងអនុវត្តភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំប្រគល់ឱ្យ ។

យោងតាមព្រះរាជក្រឹត្យ អនុក្រឹត្យតែងតាំង និងសេចក្តីសម្រេចស្តីពីការបែងចែកភារកិច្ចថ្នាក់ដឹកនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការប្រកាសចូលកាន់តំណែងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងប្រធាននាយកដ្ឋានកសិកម្ម សរុបចំនួន១០រូប ដែលមន្ត្រីជាន់ខ្ពស់ទាំងនោះ ជាក្បាលម៉ាស៊ីនសំខាន់ក្នុងការជួយគ្រប់គ្រង និងដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងព្រៃឈើ សត្វព្រៃ ជលផល ធនធានមនុស្ស និងផ្នែកកសិកម្ម ជាដើម៕

ប្រភព៖ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner