រយៈពេល៦ខែឆ្នាំ២០១៩នេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet របស់វៀតណាម កើនឡើងប្រាក់ចំណូល២២ភាគរយ និងប្រាក់ចំណេញ១៦ភាគរយ
វៀតណាម៖ ក្រុមហ៊ុនអាកាសចរណ៍ វៀតជេត បានប្រកាសពីប្រាក់ចំណូលរបស់ខ្លួនពីការដឹកជញ្ជូនតាមផ្លូវអាកាសក្នុងរយៈពេល៦ខែ នៅឆ្នាំ២០១៩នេះ ដែលមានការកើនឡើង២២% បើធៀបទៅនឹងរយៈកាលដូចគ្នានេះក្នុងឆ្នាំ២០១៨ ហើយប្រាក់ចំណេញរបស់ក្រុមហ៊ុន នៅមុនពេលកាត់ពន្ធសម្រាប់ពាក់កណ្តាលឆ្នាំ២០១៩នេះ បានកើនឡើង១៦% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រុមហ៊ុនអាកាសចរណ៍របស់វៀតណាមនេះ បានបញ្ជាក់ថា ប្រាក់ចំណូលតាមរយៈការដឹកជញ្ជូនផ្លូវអាកាសរបស់ខ្លួនមានចំនួនសរុប២០,១ទ្រីលានដុង ឬស្មើនឹងប្រមាណ៨៦ម៉ឺន៩ពាន់៩២៨លានដុល្លារអាម៉េរិក ក្នុងនោះប្រាក់ចំណេញនៅមុនពេលកាត់ពន្ធមានចំនួន១,៥៦ទ្រីលានដុង សម្រាប់រយៈពេល៦ខែក្នុងឆ្នាំ២០១៩នេះ។
ប្រាក់ចំណូលសរុបទាំងអស់របស់វៀតជេត ក្នុងនោះរាប់បញ្ចូលទាំងប្រាក់ចំណូល បានមកពីសកម្មភាពមិនទាក់ទងនឹងការដឹកជញ្ជូន ដូចជា ពាណិជ្ជកម្មលើយន្តហោះ ក៏បានកើនឡើងចំនួន២៤% ផងដែរ នៅពាក់កណ្តាលឆ្នាំ២០១៩នេះ ក្រោយពីរកបានប្រាក់ចំណូល២៦,៣ទ្រីលានដុង បើធៀបទៅនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០១៨ ខណៈដែលប្រាក់ចំណេញសរុបនៅមុនពេលកាត់ពន្ធមានចំនួន២,៤ទ្រីលានដុង ដែលជាការកើនឡើង ១១% បើធៀបទៅនឹងឆ្នាំមុន៕ធ.ដ




