ខេត្តកែប ប្តេជ្ញាកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតំបន់ជនបទ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖​ ថ្នាក់ដឹកនាំខេត្តកែបបានបង្ហាញពីការប្តេជ្ញាថា នឹងបន្តជំរុញកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតំបន់ជនបទឱ្យបានខ្វាត់ខ្វែងបន្ថែមទៀត ដោយមិនឱ្យមានគម្លាតឆ្ងាយខ្លាំងពីតំបន់ទីក្រុងនោះឡើយ។
ការប្តេជ្ញានេះបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តកែប កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានលើកឡើងថា នាពេលអនាគត ការធ្វើដំណើរនៅតាមតំបន់ទីជនបទសម្រាប់ខេត្ដកែប នឹងកាន់តែមានភាពងាយស្រួលខ្លាំង ខណៈបច្ចុប្បន្នជាផែនការរបស់ខេត្ត បាននិងកំពុងយកចិត្ដទុកដាក់លើជំរុញដល់ការងារកសាងជួសជុល ថែទាំ ផ្លូវជាតិ ផ្លូវខេត្ត និងបន្តកសាងផ្លូវជនបទ ឱ្យមានគុណភាពខ្ពស់ ក្នុងគោលបំណងតភ្ជាប់បណ្តាញផ្លូវពីទីរួមខេត្ត ទៅស្រុក និងពីស្រុកមកទីរួមខត្ត។

លោកបានបញ្ជាក់ថា៖«រដ្ឋបាលខេត្តកែប បានបន្តជំរុញសកម្មភាពសំខាន់ៗ ដូចជា បន្តជំរុញការកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នៅជនបទ តាមសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋមូលដ្ឋាន ដោយធ្វើយ៉ាងណាខិតខំធ្វើផ្លូវបេតុងទៅដល់ទីជនបបទ ដោយមិនឱ្យគម្លាតឆ្ងាយពីទីក្រុងនោះឡើយ។
មានន័យថាទីក្រុងមានអី ទីជនបទក៏មានហ្នឹងដែរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់មូលដ្ឋាន ក្នុងការធ្វើដំណើរ ដឹកជញ្ជូន កសិផលនានា ពិសេសរួមចំណែកអភិវឌ្ឍន៍ខេត្តឱ្យមានសន្ទុះរីកចម្រើន»។

ជាមួយគ្នានេះឯកឧត្តមបានបញ្ជាក់ដែរថារដ្ឋបាលខេត្តក៏បានបន្តជំរុញយ៉ាងសកម្មក្នុងការកែលម្អសោភ័ណភាពតាមដងផ្លូវ គេហដ្ឋាន ទីសាធារណៈ រមណីយដ្ឋានទេសចរណ៍ ឆ្នេរកម្សាន្ត និងសាងសង់កែលម្អនូវសមិទ្ធផលសំខាន់ៗ។ មានដូចជា ការសាងសង់អគាររដ្ឋបាល សួនច្បារ ដាក់បង្គោលភ្លើងបំភ្លឺតាមផ្លូវសាធារណៈ និងទីប្រជុំជន ដាក់រូបសំណាកថ្មីៗ ការបង្កើតកន្លែងហាត់ប្រាណ ស្ថាបនាកែលម្អផ្លូវក្រាលកៅស៊ូ AC ផ្លូវកៅស៊ូ DBST ការអភិវឌ្ឍឆ្នេរ ២.៧០០ម៉ែត្រ របស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងការសាងសង់សំណង់សិល្បការ្យចាំបាច់មួយចំនួនផងដែរ។

បើតាមលោក ម៉ម តូច ប្រធានមន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន ខេត្តកែប ក្នុងរយៈពេល ៥ឆ្នាំ មកនេះ រដ្ឋបាលក្រុងបានសាងសង់ផ្លូវលំក្រួសក្រហមបានចំនួន ០១ខ្សែ ប្រវែង ៨៥០ម៉ែត្រ និងសាងសង់ផ្លូវ បេតុងចំនួន ០៤ខ្សែ ប្រវែង ១,៣៩១ម៉ែត្រ ខណៈសម្រាប់មូលនិធិឃុំ សង្កាត់វិញ ក៏បានធ្វើការជួសជុលផ្លូវក្រួសក្រហមចំនួន១៧ខ្សែ ប្រវែង ៤៤.៩៥០ម៉ែត្រផងដែរ។

ក្រៅពីនេះលោកថា សម្រាប់គម្រោងអភិវឌ្ឍន៍មូលនិធិស្រុកដំណាក់ចង្អើរវិញ រដ្ឋបាលស្រុក ក៏បានកសាងផ្លូវលំក្រួសក្រហមបានចំនួនប្រាំខ្សែ ប្រវែង ៧ ៩៥០ម៉ែត្រ ទទឹង ៤ម៉ែត្រ នៅភូមិអន្ទង់ស និងភូមិចំការចេក ក្នុងឃុំពងទឹក និងភូមិអង្គោល ភូមិអំពេង ភូមិទួលសាឃុំក្នុង ឃុំអង្កោល។

លោកថា ដោយសារវិស័យទេសចរណ៍ត្រូវបានរដ្ឋាភិបាលចាត់ទុកថា ជាឧស្សាហកម្មគ្មានផ្សេង ហេតុនេះជាចក្ខុវិស័យរបស់ខេត្តគឺនឹងខំជំរុញកំណើនទេសចរណ៍ តាមរយៈការខិតខំសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ឱ្យល្អបន្ថែមទៀត៕

ដោយ៖ សែម ពិសី

ads banner