កម្ពុជាជាប់ក្នុងការបោះឆ្នោតជាសមាជិក នៃស្ថាប័នចំណុះចំនួនពីររបស់អង្គការសហប្រជាជាតិ
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា នៅក្នុងសម័យប្រជុំរបស់ខ្លួន កាលពីខែមេសា ឆ្នាំ២០២៣ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ (United Nations Economic and Social Council – ECOSOC) បានរៀបចំការបោះឆ្នោត ដើម្បីបំពេញតំណែងទំនេរក្នុងស្ថាប័នចំណុះចំនួន១៤ នៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាបានជាប់ក្នុងការបោះឆ្នោតសម្រាប់តំណែងសំខាន់ចំនួនពីរ ដូចខាងក្រោម៖
1.សមាជិកពេញសិទ្ធិរបស់ក្រុមជំនាញស្តង់ដារគណនេយ្យ និងរាយការណ៍អន្តរជាតិ (International Standards of Accounting and Reporting – ISAR) សម្រាប់អាណត្តិ២០២៤-២០២៦ ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ និង
2.សមាជិកនៃក្រុមប្រឹក្សាសម្របសម្រួលកម្មវិធី របស់កម្មវិធីអង្គការសហប្រជាជាតិប្រយុទ្ធជំងឺអេដស៍ (Programme Coordinating Board (PCB) of the Joint United Nations Programme on HIV/AIDS – UNAIDS) សម្រាប់អាណត្តិ២០២៣-២០២៥ ដោយគិតចាប់ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។
ប្រភពដដែលបានបន្តថា ការជាប់ឆ្នោតជាសមាជិក ISAR និង UNAIDS PCB បង្ហាញពីទំនុកចិត្តរបស់សហគមន៍អន្តរជាតិចំពោះកម្ពុជា និងការទទួលស្គាល់របស់សហគមន៍អន្តរជាតិនូវការកសាងជាតិឡើងវិញ និងការគ្រប់គ្រងការរាតត្បាតមេរោគអេដស៍ ប្រកបដោយជោគជ័យរបស់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការរួមចំណែករបស់កម្ពុជា ជាមួយអង្គការសហប្រជាជាតិ ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការកសាងពិភពលោកឱ្យកាន់តែប្រសើរឡើង។
នេះគឺជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន ដែលព្រះរាជាណាចក្រកម្ពុជា សម្រេចបានក្នុងការលើកកម្ពស់កិត្យានុភាពជាតិ និងការចូលរួមយ៉ាងសកម្មក្នុងកិច្ចការអន្តរជាតិ។ រាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រ និងការជឿទុកចិត្តពីរដ្ឋាភិបាលទាំងអស់ ដែលបានបោះឆ្នោតគាំទ្រព្រះរាជាណាចក្រកម្ពុជា សម្រាប់តួនាទីដ៏សំខាន់ទាំងនេះ៕
ដោយ៖ពលជ័យ

