ប្រធានាធិបតីរុស្ស៊ីបញ្ជាឱ្យធ្វើសមយុទ្ធបន្ទាន់ក្បែរព្រំដែនអ៊ុយក្រែន ដោយមានទាហាន១៥ម៉ឺននាក់ចូលរួម
រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន បានចេញបញ្ជាឱ្យធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយនៅតាមព្រំដែនប្រទេសអ៊ុយក្រែន ដែលមានការចូលរួមពីកងទាហានជិត១៥ម៉ឺននាក់ រួមជាមួយយន្ដហោះ និង នាវាចម្បាំងរាប់រយគ្រឿងទៀត នេះបើតាមសារព័ត៌មាន Dailymail នៅថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២០ ។
រដ្ឋមន្រ្តីក្រសួងការពារជាតិរុស្ស៊ីលោក សឺហ្គី សយហ្គូ បានបញ្ជាក់ថា សមយុទ្ធខាងលើនេះ មានគោលបំណងដើម្បីធ្វើតេស្តការត្រៀមខ្លួនរបស់កងទ័ព នៅមុនសមយុទ្ធយោធា កូកាស៊ូស ឆ្នាំ២០២០ ដែលគ្រោងនឹងធ្វើឡើងនៅខែកញ្ញា ។ បើតាមក្រសួងការពារជាតិរុស្ស៊ី សមយុទ្ធនេះមានទាហានចូលរួមជិត១៥ម៉ឺននាក់ រួមទាំងកងទ័ពអាកាស និងទ័ពជើងទឹកនៃកងនាវាចរណ៍ភាគខាងជើង និងប៉ាស៊ីហ្វិក ។ សមយុទ្ធនេះដែរ ក៏មានការចូលរួមពីយន្តហោះជាង៤០០គ្រឿង និងនាវាជាង១០០គ្រឿងផងដែរ ហើយនឹងរៀបចំនៅសមុទ្រខ្មៅ និងសមុទ្រកាស្ប៉ាន ។
សូមបញ្ជាក់ថា ការប្រកាសពីការធ្វើសមយុទ្ធបន្ទាន់ខាងលើនេះ បានកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយរដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ុយក្រែនលោក អានឌី ថារ៉ាន បានប្រកាសថា ប្រទេសរបស់លោកនឹងធ្វើសមយុទ្ធផ្ទាល់ខ្លួនក្នុងខែកក្កដានេះដែរ ហើយលោកថែមទាំងបានលើកទឹកចិត្តដល់កងកម្លាំង NATO ឱ្យចូលរួមផងដែរ ៕





