នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ៖ សម្ដេចតេជោ នៅតែដឹងគុណចងចាំនូវគំរូវីរភាពដ៍ប្រពៃចំពោៈអតីតយុទ្ធជននិងនិវត្តន៍ជនជានិច្ច
ខេត្តកណ្តាល ៖ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ស្រុកកណ្ដាលស្ទឹង និងជាអគ្គលេធិការរងសមាគមអតីតយុទ្ធជនកម្ពុជា តំណាង នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេធិការសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងថាសម្ដេចតេជោ ជាកូនកសិករ ធ្លាប់ឆ្លងកាត់ជីវិតជាកងទ័ពជាយុទ្ធជនស្គាល់ច្បាស់ពីការលំបាក និងបានឆ្លងកាត់គ្រប់ឧបសគ្គនៅក្នុងសមរភូមិតស៊ូប្តូរជីវិតដើម្បីរំដោះប្រជាជននិងប្រទេសជាតិចេញផុតពីរបបប្រល័យេពូជសាសន៍ប៉ុលពតរហូតក្លាយជាមេដឹកនាំប្រទេស ។ សម្ដេចតេជោ នៅតែចងចាំនូវគំរូវីរភាពដ៍ប្រពៃរបស់យុទ្ធជនយុទ្ធនារីក្នុងបុព្វហេតុជាតិមាតុភូមិ និងនៅតែដឹងគុណគិតគូរពីសុខទុក្ខជីវភាពរស់នៅចំពោៈអតីតយុទ្ធជននិងនិវត្តន៍ជនជានិច្ច។

នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀងបានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញបំពាក់គ្រឿងឥស្សរិយយស និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អតីតយុទ្ធជន និវត្តន៍ជន និងប្រជាពលរដ្ឋ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៣ ។
នាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានបន្តថា នៅក្រោមម្លប់នៃសន្តិភាពពេញលេញ ដែលជាផ្លែផ្កានៃនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី, បានប្រែក្លាយពីស្ថានភាពនៃការបំផ្លិចបំផ្លាញដោយសារវិនាសកម្មសង្គ្រាម មកជាមានការអភិវឌ្ឍរីកចម្រើនជាលំដាប់លើគ្រប់វិស័យ ហើយក៏កំពុងបន្តពង្រីកសក្តានុពលរបស់ខ្លួនឆ្ពោះទៅរកវឌ្ឍនភាពរុងរឿងបន្ថែមទៀត ក្រោមកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ, មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅទូទាំងប្រទេស។

នាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានលើកទឹកចិត្តដល់ អតីតយុទ្ឋជន និវត្តន៍ជនស៊ីវិល មានចំនួន ៩២៨នាក់ ដែលក្នុងម្នាក់ៗ ទទួលបាន អង្ករមី, ត្រីខ និងថវិកា ៥ម៉ឺនរៀល។ ឧបត្ថម្ភក្រុមប្រឹក្សាឃុំ-ស្រុក និងមន្ត្រីរដ្ឋបាល ស្រុកកណ្ដាលស្ទឹង ៤៦នាក់ ក្នុងម្នាក់ៗ ថវិកា ៥ម៉ឺនរៀល។ គណបក្សស្រុក ២លានរៀល ព្រមទាំងឧបត្ថម្ភដល់កងកម្លាំងមានសមត្ថកិច្ចផងដែរ ៕




ដោយ-រ៉ាវុធ